(ភ្នំពេញ)៖ ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០១៧នេះ ជាខួប២៥ឆ្នាំហើយ (១៩៩២-២០១៧) ដែលប្រាសាទអង្គររបស់ខ្មែរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាមួយនឹងភាពល្បីល្បាញរន្ទឺសុះសាយទៅកាន់ពិភពលោក អំពីអច្ឆរិយភាពនៃមហាសមិទ្ធផលព្រហ្មញ្ញសាសនាមួយនេះ។

ការដាក់បញ្ចូលប្រាសាទអង្គរវត្តទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ។ នៅថ្ងៃខួប២៥ឆ្នាំនេះ ប្រជាពលរដ្ឋបានសម្តែងការអបអរសាទរជាមួយនឹងសារបង្ហាញមោទនភាពផ្សេងៗគ្នា។ ដើម្បីអបអរសាទរថ្ងៃដ៏សែនរីករាយនេះ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរដ៏មហោឡារឹក នៅមុខប្រាសាទដ៏ល្អពិសិដ្ឋនេះផ្ទាល់តែម្តង។

ពិធីអបអរសាទរត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរអប្សរា អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ព្រមទាំងសិស្សានុសិស្ស យុវជន យុវតី ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ប្រាសាទអង្គរវត្តមានឈ្មោះដើមថា «ប្រាសាទព្រះបរមវិស្ណុលោក» ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សរ៍ទី១២ នារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ព្រះមហាក្សត្រមកពីភាគខាងលិច (ល្វវត្តី)។ មានអាយុកាលជិត ១សហវត្សមកនេះ ប្រាសាទអង្គរវត្ត បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាល ពិសេសទើបតែត្រូវបានយកចិត្តទុកដាក់យ៉ាងដិតដល់ ពីសំណាក់រាជរដ្ឋាភិបាល នាសម័យទំនើបនេះឯង។

ជាមហាសោកសង្រេង បន្ទាប់ពីមហានគរដ៏រុងរឿងបានរសាត់បាត់ឆ្ងាយទៅ រាជធានីបុរាណខ្មែរ ដែលធ្លាប់តែមានឥទ្ធិពលខ្លាំងក្លាមហិមាមួយនេះ បានលាក់ខ្លួនពួនកប់កណ្ដាលព្រឹក្សា គ្មានមនុស្សណាបានទៅដល់ឡើយ ប៉ុន្តែបើតាមប្រវត្តិសាស្ត្រខ្មែរ ក្នុងសតវត្សរ៍ទី១៦ នាសម័យអាណាចក្រលង្វែក ព្រះបាទបរមរាជា (ព្រះរាជបុត្រារបស់ព្រះបាទច័ន្ទរាជា ស្ថានិករាធានីលង្វែក) បានទតឃើញប្រាសាទបុរាណដ៏ស្កឹមស្កៃនេះជាលើកដំបូង ក្នុងពេលចូលទាក់ដំរី បន្ទាប់មកព្រះអង្គក៏បានលើករាជធានីពីលង្វែក ទៅតាំងនៅរាជធានីអង្គរបានមួយរយៈផងដែរ។

តាំងពីពេលនោះមក ប្រាសាទព្រះបរមវិស្ណុលោកដ៏ធំល្វឹងល្វើយអស្ចារ្យមួយនេះ ត្រូវបានព្រះប្រទាននាមថ្មីថា «ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក»។ លុះក្រោយមក ធម្មជាតិវិទូបារាំងឈ្មោះ Henri Mouhot បានរកឃើញប្រាសាទនេះនៅក្នុងឆ្នាំ១៨៦០ និងបានហៅឈ្មោះប្រាសាទដ៏ធំដែលជាទីអារាមសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនានេះ ថាប្រាសាទអង្គរវត្ត (រាជធានីព្រះពុទ្ធសាសនា) វិញ។

ក្រោយរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសកម្ពុជាបានខិតខំពុះពារដាក់បែបបទស្នើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តរបស់ខ្លួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រហូតបានដាក់បញ្ចូលជាស្ថាពរនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

រងនូវព្យុះភ្លៀងខ្យល់បោកបក់ទាំងយប់ទាំងថ្ងៃអស់ជាច្រើនរយឆ្នាំ អង្គរវត្តរបស់យើងបានបន្តជីវិតគ្រប់រសជាតិជាមួយប្រទេសកម្ពុជា អ្វីដែលជាការភិតភ័យខ្លាំងជាងគេនោះ អង្គរវត្ត រួមជាមួយខេត្តខ្មែរមួយចំនួន មានខេត្តសៀមរាប ខេត្តកំពង់ស្វាយ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសិរីសោភ័ណជាដើម ប៊ិះនឹងត្រូវបានទៅខាងប្រទេសថៃ នាដើមសម័យអាណានិគមនិយមបារាំង តែដោយការប្រឹងប្រែងរបស់ព្រះមហាវិរក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ ទើបអាចដណ្ដើមប្រាសាទអង្គរ និងទឹកដីមួយចំនួននោះមកវិញ។

លុះដល់បច្ចុបុ្បន្ន ដូចគ្មានអ្វីគួឲ្យព្រួយបារម្ភធំដំទៀតទេ ប្រាសាទអង្គរវត្ត ឬ ព្រះបរមវិស្ណុលោក ឬព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម័យទំនើប ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងសេ នាធិការរាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងការពាររមណីយដ្ឋានអង្គរយ៉ាងយកចិត្តទុកដាក់ ពោលដៃម្ខាងខិតខំថែរក្សាអភិរក្ស ដៃម្ខាងទៀតខិតខំផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ និងមកទស្សនាឲ្យបានច្រើន។

ជាមួយនឹងការខិតខំប្រឹងប្រែងនេះ ប្រាសាទអង្គរ និងតំបន់ជុំវិញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយដៃគូជាតិ-អន្តរជាតិ ធ្វើការជួសជុល អភិរក្ស កែលម្អ ប្រមូលវត្ថុដែលបែកបាក់ ឃ្លាតឆ្ងាយ មកផ្គុំនៅកន្លែងដើមឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាជាច្រើនលាននាក់ ក្នុងមួយឆ្នាំៗ ជាក់ស្ដែងជិតមួយឆ្នាំ២០១៧នេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់ ហើយរាជរដ្ឋាភិបាលក៏កំពុងខិតខំបន្តផ្សព្វផ្សាយទៅកាន់ពិភពលោកបន្ថែមទៀតដែរ ជាមួយការអភិវឌ្ឍប្រកប ដោយនិរន្តរភាព។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលមានឱកាសបានទៅមកទស្សនាប្រាសាទអង្គរ និងប្រាសាទរាប់រយកន្លែងទៀត ដែលជាកេរមរតកដ៏ពិសិដ្ឋថ្លៃថ្លារបស់មហាបុព្វបុរសខ្មែរ នាសម័យបុរាណ ជាមួយនឹងសុវត្ថិភាពក្នុងការធ្វើដំណើរ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស មធ្យោបាយធ្វើដំណើរក៏ងាយស្រួល ពិសេសការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះសម្បត្តិបេតិកភណ្ឌដ៏ធំក្នុងពិភពលោកមួយនេះ។

សូមជម្រាបថា កម្ពុជាបានដាក់បញ្ជូនសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី សរុបចំនួន៧ហើយ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះរួមមាន៖
១៖ រមណីយដ្ឋានអង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
២៖ របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
៤៖ ប្រាសាទព្រះវិហារ (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
៥៖ ល្បែងទាញព្រ័ត្រ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥។
៦៖ ចាប៉ីដងវែង (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
៧៖ ប្រាសាទសំបូរព្រៃគុក (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧៕