(ភ្នំពេញ)៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះថា ក្រសួងមហាផ្ទៃ អាចនឹងមានវិធានការផ្លូវច្បាប់បន្ថែមទៀត លើទ្រព្យសម្បត្តិរបស់ អតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលនៅបន្តសកម្មភាព ប្រឆាំងនឹងប្រយោជន៍ជាតិកម្ពុជាយ៉ាងពិសពុល ទោះបីគណបក្សរបស់ពួកគេត្រូវបានរំលាយ ដោយអំណាចសាលដីកាយ៉ាងណាក្តី។
ការអះអាងអំពីវិធានការនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍បង្ហាញថា សមត្ថកិច្ចកម្ពុជា បានបន្តតាមដានចំពោះប្រភពថវិកា និងសកម្មភាព របស់ថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ទាំង១១៨នាក់ ដែលត្រូវតុលាការកាត់ទោសឱ្យផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ហើយក៏ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា ឧបាយកលដ៏ពិសពុល នៃមជ្ឈដ្ឋានអគតិខាងក្រៅ ដែលបញ្ជាពីក្រោយខ្នងរបស់ចលនាបដិវត្តន៍ពណ៌នៅកម្ពុជា មិនទាន់ផុតរលត់ នៅឡើយទេ។
លោក ខៀវ សុភ័គ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងនឹងពិនិត្យមើលទ្រព្យសម្បត្តិអ្នកសកម្មទាំងអស់នោះ ក្នុងករណីចាំបាច់ គឺយើងអាច។ តើគាត់មានលុយមានកាកអ្វីខ្លះ ឧទាហរណ៍ កញ្ញា កឹម មនោវិទ្យា គាត់ជាអ្វី អំពើពុករលួយ មានប៉ុន្មាន ក្នុងករណីចាំបាច់យើងអាចប្តឹង ទៅតុលាការ ឱ្យអនុវត្តច្បាប់»។
ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ក្នុងនោះមាន កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា នាថ្មីៗនេះ បានធ្វើសកម្មភាព ជាបន្តបន្ទាប់ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ កញ្ញា កឹម មនោវិទ្យា បានស្នើឱ្យ អង្គការសហប្រជាជាតិព្យួរអសនៈរបស់កម្ពុជា និងស្នើឱ្យអឺរ៉ុបបិទការអនុគ្រោះពន្ធ និងការនាំចូលពីកម្ពុជាផងដែរ។
លោក ខៀវ សុភ័គ បានចាត់ទុកទង្វើរបស់អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងនោះថា ជាការធ្វើអំពើពិសពុលបំផុត ចំពោះប្រជាជាតិកម្ពុជា ទោះបីជាសហគមន៍អន្តរជាតិមិនព្រមតាមសំណើរបស់ពួកគេនៅឡើយ។ លោកបានបន្ថែមថា៖ «បើយើងមិនជីកឫសជីកគល់ឱ្យអស់ទេ វាអាចកើតឡើង ម្តងទៀត ដោយសារតែ រឿងមិនទាន់ចប់ទេ ដូចរាល់ថ្ងៃអញ្ចឹង។ ១១៨រូប ដែលត្រូវតុលាការកំពូលចេញដីកាឱ្យផ្អាកសកម្មភាព នយោបាយនេះ ក៏មានអ្នកខ្លះនៅមានសកម្មភាព យ៉ាងសកម្ម និងយ៉ាងពិសពុល»។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សនេះមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកាត់ទោសថ្នាក់ដឹកនាំ គណបក្សនេះចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕