(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា អតីតអ្នកកាន់មូលនិធិបុណ្យសព លោក កែម ឡី ពីបទ «រំលោភទំនុកចិត្ត» តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចចោទប្រកាន់នេះ បានធ្វើឡើងតាមបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ លោក ពេជ្រ ស្រស់ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ បានសម្រេចប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ដោយស្នើឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស៊ើបអង្កេតស្វែងរកការពិតលើ គណៈកម្មការចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសពលោកបណ្ឌិត កែម ឡី។
ការប្តឹងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីម្តាយ និងប្អូនប្រុសសពលោក កែម ឡី បានលើកឡើងពីការបាត់បង់ថវិកា និងមិនទទួលបានថវិកាពីពិធីបុណ្យសព ដែលមានប្រជាពលរដ្ឋបានចូលបុណ្យយ៉ាងច្រើននោះ។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់លោក គុជ គឹមឡុង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យសំណុំរឿង និងភស្តុតាងដែលបានដាក់ដោយ លោក ពេជ្រ ស្រស់ លោកក៏បានសម្រេចចោទប្រកាន់បុគ្គលទាំង ៣អង្គ/រូបនេះ ពីបទរំលោភលើទំនុកចិត្ត ហើយក៏បានបញ្ជូនសំណុំរឿងទៅកាន់ ចៅក្រមស៊ើបសួរផងដែរ។
នៅក្នុងដីកាសន្និដ្ឋានរបស់លោក គុជ គឹមឡុងបានគូសបញ្ជាក់ថា ព្រះតេជគុណ ប៊ុន ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ និងក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើសកុំឲ្យកើតមានជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី៕