(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមានកម្ទេចចលនាសង្គ្រោះ ដែលបង្កើតឡើងដោយបុគ្គល សម រង្ស៊ី ប្រសិនបើកើតមាននៅកម្ពុជា។

ការព្រមានបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅក្នុងទីបញ្ជាជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ប្រមុខការពារជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អាលូវនឹងចលនាសង្គ្រោះជាតិចុងក្រោយវាថារៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង ដូច្នេះត្រៀមឲ្យហើយទៅ គឺថាបង្កើតហិង្សាអត់បានទេ បើឃើញថារៀបចំបង្កើតយើងដាក់មុនហើយ»

ជាមួយគ្នានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ការពារដាច់ខាតការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តាមគ្រប់រូបភាព ពិសេសជ្រកក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ ពីប្រទេសមហាអំណាច។

សម្ដេច ទៀ បាញ់ បានលើកឡើងទៀតថា កងយោធពលខេមរភូមិន្ទ ប្ដេជ្ញាការពារយ៉ាងដាច់ខាត នូវសន្ដិភាព បូរណភាទឹកដី ការពារសន្ដិសុខសណ្ដាប់ និងទប់ស្កាត់ឧបាយលកបដិវត្តពណ៌ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជ្រំជ្រែងដោយប្រទេសមហាអំណាច ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចបានលើកឡើងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ការពារដាច់ខាតនូវបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេសគ្រប់រូបភាព ក្នុងផ្ទៃក្នុងកម្ពុជា ក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»

សម្ដេចពិជ័យសេនា ទៀ បាញ់ សង្កត់ធ្ងន់ថា រាល់ទង្វើណាខុសច្បាប់ ត្រូវតែកម្ចាត់ឲ្យខាងតែបាន និងប្រសិទ្ធភាពខ្ពស់ មិនត្រូវឲ្យមានការលើកលែង និងអនុគ្រោះនោះទេ ព្រោះច្បាប់បានកំណត់រួចអស់ហើយ។

នៅក្នុងកិច្ចប្រជុំនេះនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសផងដែរថា ទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបានប្រកាសធ្វើ «ចលនាសង្គ្រោះជាតិ» នោះ គឺជាសកម្មភាពភេវកម្មសុទ្ធសាត ហើយកងរាជអាវុធហត្ថនឹងមិនបណ្ដោយឲ្យបុគ្គលនេះធ្វើអ្វីស្រេចតែចិត្តនោះទេ កងរាជអាវុធហត្ថត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់ពួកប្រតិកិរិយាស្ដាប់បរទេសទាំងនោះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងរាជអាវុធហត្ថត្រៀមខ្លួនជានិច្ចសម្រាប់កម្ចាត់ពួកចលនាសង្គ្រោះជាតិ ដែលជាទង្វើភេរវកម្ម ហើយកងរាជអាវុធហត្ថមិនថា កាលៈទេសៈណាក៏ដោយ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងមិនបណ្ដោយឲ្យក្រុមស្ដាប់បរទេសទាំងនោះ ធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ»

សូមជម្រាបថា ចលនាសង្រ្គោះជាតិ ត្រូវបានប្រកាសបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ហើយដឹកនាំដោយលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម។ សេចក្តីថ្លែងការណ៍ស្តីពីការបង្កើតចលនានេះ បង្ហាញថា ចលនានេះបង្កើតឡើង ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។

ការបង្កើតចលនាសង្គ្រោះជាតិ កំពុងនាំឲ្យមានការរង្គោះរង្គើ និងបែកបាក់ផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិផងដែរ។ ពួកគេបានចាត់ទុកការបង្កើតចលនានេះ ជាចេតនាក្នុងការក្រសោបយកអំណាចរបស់លោក សម រង្ស៊ី។ កាលពីកន្លងទៅអតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះការបង្កើតចលនានេះ ហើយបានអះអាងថា ពួកគេនឹងមិនចូលរួមជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន។

លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង បានប្រកាសតាមរយៈមេធាវីរបស់លោកថា មិនគាំទ្រ និងចូលរួមជាមួយចលនានេះឡើយ។ ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស បានថ្កោលទោសសេចក្តីសម្រេចបង្កើតចលនានេះ ផងដែរ៕