(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា បានដឹកនាំមន្រ្តីពាក់ព័ន្ធក្នុងក្រសួងសង្គមកិច្ច ពិភាក្សា ស្តីពីការដំឡើងរបបសន្តិសុខសង្គម ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនសម្រាប់ឆ្នាំ២០១៨ នៅថ្ងៃអង្គារ៍៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងលើការពិគ្រោះយោបល់ ស្តីពីការដំឡើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ជារួមមានការចូលរួមបន្ថែមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងមុខងារសាធារណៈ, តំណាងក្រសួងការពារជាតិ, តំណាងក្រសួងមហាផ្ទៃ, មន្ត្រីជំនាញបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស), មន្ត្រីជំនាញបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ), ក្រុមប្រឹក្សាភិបាល ប.ជ.ស និង ប.ជ.អ។

ថ្លែងនៅក្នុងកិច្ចពិភាក្សានោះរដ្ឋមន្រ្តី វង សូត បានបញ្ជាក់ឲ្យដឹងថា គោលបំណងសំខាន់ នៅក្នុងកិច្ចពិភាក្សានេះ គឺដើម្បីដំឡើងរបបសន្តិសុខសង្គមប្រចាំខែ សម្រាប់និវត្តជនស៊ីវិល និង អតីតយុទ្ធជន ឲ្យកាន់តែប្រសើរ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្តថា ក្រៅពីនោះ ក្នុងកិច្ចពិភាក្សានេះ យើងក៏ចង់បង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់និវត្តជនស៊ីវិល និងអតីតយុទ្ធជន ឲ្យកាន់តែប្រសើរឡើងស្របតាមស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចជាតិ។ បន្ថែមពីលើនេះ ធ្វើឲ្យមានសង្គតិភាពរបបសន្តិសុខសង្គមប្រចាំខែ រវាងជនពិការចាស់-ជនពិការថ្មី និវត្តជនចាស់-និវត្តជនថ្មី និងនិវត្តជនក្រសួងការពារជាតិ-និវត្តជនក្រសួងមហាផ្ទៃជាដើម។

ក្រោយពីបានពិនិត្យ និងពិភាក្សាគ្នា នៅថ្ងៃដដែលនោះ ជារួមអង្គប្រជុំបានពិភាក្សាលើទិដ្ឋភាពច្បាប់ គោលនយោបាយ និង សេដ្ឋកិច្ចពិសេសយន្តការផ្សេងៗសំដៅធានាភាពសុខដុមរមនាដល់របបសន្តិ សុខសង្គម និវត្តន៍ទាំងអស់។ លើសពីនេះទៀត អង្គប្រជុំបាន ឯកភាពលើកជាជម្រើសមួយចំនួន ដែលមានមូលដ្ឋានជាក់លាក់ និងគ្រប់ជ្រុងជ្រោយសម្រាប់ស្នើសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាល៕