(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការ ផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ និងនៅតាមផ្ទះមូយចំនួន ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។

អំឡុងពេលត្រួតពិនិត្យ ទំនិញជាម្ហូបអាហារប្រចាំថ្ងៃចំនួន៣១គំរូ រួមមាន៖ សរសៃគុយទាវ លត មីលឿង ប្រភេទជ្រក់ច្រើនប្រភេទ ប្រហិតច្រើនប្រភេទ សាច់ក្រក ប្រហុក ផ្អក ត្រីងៀត ត្រីប្រាសំយ៉ុង សណ្តែកបណ្តុះ ខ្ញីហាន់រួច គ្រឿងសមុទ្រក្លាសេ និងនំចាំង ត្រូវបានសាខាជ្រើស យកមកធ្វើវិភាគបឋមនៅនឹងកន្លែង។

ជាលទ្ធផល គឺទំនិញជាម្ហូបអាហារទាំង៣១គំរូនេះ មានអនុលោមភាព សុវត្ថិភាពទាំងអស់ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid, Sodium Hydrosulfite ,Borax និង Formalin នៅក្នុងផលិតផលម្ហូប អាហារទាំងនោះឡើយ។

លើកលែងតែការពិនិត្យទំនិញ នៅតាមផ្ទះមួយចំនួនឃើញ មានទឹកក្រូចចំណុះ៣៩០ml ចំនួន ២៧២ដប ស្មើនឹង១០៦គីឡូក្រាម ខូចគុណភាពហួស កាល បរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខា ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ ។

ក្នុងពេលត្រួតពិនិត្យនេះ មានការសាទរ និងគាំទ្រច្រើនពីប្រជាពលរដ្ឋ ជាពិសេសនៅពេល ឃើញម្ហូបអាហារមានអនុលោមភាព សុវត្ថិភាព។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចាយ ផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ និង របៀបនៃការជ្រើសរើសផលិតផល ម្ហូបអាហារ មានសុវត្ថិភាពមកបរិភោគ៕