(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៨គ្រួសារ ដែលរងគ្រោះដោយសារតែជំទាវ លី អ៊ុំអេង និងមន្ត្រីអាជ្ញាធរជំនាញឃុបឃិតគ្នា រំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប បាននាំគ្នាធ្វើការអំពាវនាវតាមរយៈ Fresh News សូមអោយ លោក ជា សុផារ៉ា​ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ ដែលជាជនរងគ្រោះផង។

តំណាងប្រជាពលរដ្ឋម្នាក់ ដែលស្កាត់ពីខេត្តសៀមរាបមកជួបភ្នាក់ងារ Fresh News ដល់ភ្នំពេញ បានរៀបរាប់ថា ដីទំនាស់ខាងលើនេះ មានទំហ៊ំជាង១០ហិកតា ដែលគ្រប់គ្រងដោយពួកគាត់ ៨គ្រួសារ ខ្លះមាន១ហិកតា ខ្លះជាង១ហិកតា គឺពួកគាត់ទិញ និងមានធ្វើចុងសន្លឹកបញ្ជាក់ ដោយមន្ត្រីអាជ្ញាធរកាន់កាប់ត្រឹមត្រូវតាមច្បាប់ តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ លុះក្រោយមកទីតាំងដីខាងលើនេះ ត្រូវបានកំណត់ទៅជាដីតំបន់បុរីសណ្ឋាគារវប្បធម៌ និងទេសចរណ៏ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្បរា។

កាលណោះខាងអាជ្ញាធរអប្បរា បានជូនដំណឹងអោយប្រជាពលរដ្ឋ ដែលជាម្ចាស់ដីមានឯកសារកាន់កាប់ត្រឹមត្រូវ ទៅដាក់ពាក្យបណ្ដឹងដើម្បី ធ្វើការដោះស្រាយ និងទទួលយកគោលនយោបាយផងដែរ ហើយពួកគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងតាមរយៈឯកសារកាន់កាប់​ និងសាក្សីដឹងឮគ្រប់ៗគ្នា។ ក្នុងនោះ អ្នកខ្លះក៏ទទួលយកប្រាក់គោលនយោបាយ អ្នកខ្លះក៏មិនព្រមទទួលយក ព្រោះតែសំណងតិចពេក ហើយពួកគាត់ក៏នៅបន្តប្ដឹងទាមទារគ្រប់គ្រងដី និងរកដំណោះស្រាយតាមផ្លូវច្បាប់រហូតមក។

លុះនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៥៨ អនក្រ.បក ធ្វើប្រទានកម្ម នូវដីក្នុងតំបន់បុរីសណ្ឋាគារ វប្បធម៌ និងទេសចរណ៏ ដែលមិនទាន់ទទួលបានការដោះស្រាយ គោលនយោបាយពីអាជ្ញាធរអប្បរា ត្រូវប្រគល់ជូនប្រជាពលរដ្ឋវិញ។ ប៉ុន្តែពេលដែលពួកគាត់យកឯកសារផ្លូវច្បាប់ ដើម្បីទៅដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិ ស្រាប់តែលេចមុខជំទាវលី អ៊ុំអេង ចេញមុខមកអះអាងថាដីខាងលើនេះ គឺជាដីរបស់លោកជំទាវទៅវិញដោយសំអាងថាលោកជំទាវមានលិខិតកាន់កាប់(ចុងសន្លឹក)តាំងពីឆ្នាំ១៩៩៤មកម៉្លេះ។ប៉ុន្តែតាមការពិនិត្យទៅលើចុងសន្លឹកដែលលោក ជំទាវ លី អ៊ុំអេង មាន គឺឯកសារខ្លះមានការកោសលប់ មានភាពមិនប្រក្រតី ហើយការប្ដឹងផ្ដល់គ្នាក៏កើតមានរហូតមក រហូតចុងក្រោយមន្ត្រីអជ្ញាធរជំនាញបានសម្រេច ចេញប័ណ្ណកម្មសិទ្ធិប្រគល់ដីខាងលើទៅអោយលោកជំទាវលី អ៊ុំអេង អត្តនោម័តដោយគ្មានការឯកភាព ពីភាគីអាជ្ញាធរអប្បរាដែលជាសហប្រធាននោះឡើយ។

មិនតែប៉ុណ្ណោះ ការចេញប័ណ្ណកម្មសិទ្ធិនូវដីជម្លោះ រួមជាមួយដីផ្សេងៗទៀតនៅក្បែរនោះទៅអោយលោកជំទាវលី អ៊ុំអេង ក៏ជាន់ទៅលើដីរបស់អាជ្ញាធរអប្បរាជាង៣ហិកតាផងដែរ។ ថ្មីៗនេះ ខណៈលោកជំទាវលី អ៊ុំអេង ធ្វើការឈូសឆាយចាក់ដី លើកផ្លូវដើម្បីពុះឡូត៌ដីទំនាស់លក់ ក៏ត្រូវបានខាងអាជ្ញាធរអប្បរាសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅហាមឃាត់ និងកាយផ្ដាច់ផ្លូវនៅក្នុងដីឡូត៌ទំនាស់ ព្រោះរំលោភចូលដីអប្បរា ស្រាប់តែលោកជំទាវចោទប្រកាន់ថា អាជ្ញាធរថាកាយផ្ដាច់ផ្លូវមិនអោយប្រជាពលរដ្ឋ ធ្វើដំណើរទៅវិញ។នេះពាក់ព័ន្ធវិវាទដីជាមួយរដ្ឋផង លោកជំទាវហ៊ានចោទប្រកាន់បំភ័ន្ត ទៅលើអាជ្ញាធរបែបនេះទៅហើយ ចុះទំរាំជាមួយប្រជាពលរដ្ឋស្លូតត្រង់ទៀត តើវាយ៉ាងណាទៅវិញ។

ពាក់ព័ន្ធការអះអាង ពីតំណាងភាគីប្រជាពលរដ្ឋទាំង៩គ្រួសារខាងលើនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការ ទាក់ទងដើម្បីសុំការបំភ្លឺពីភាគីលោកជំទាវលី អ៊ុំអេង បានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ទាក់ទង។ ខាងក្រោមនេះ ជាឯកសារព័ត៌មានជំនួយស្មារតី ដែលប្រជាពលរដ្ឋមានជាសំអាងក្នុងការបញ្ជាក់ថា លោកជំទាវលី អ៊ុំអេង និងមន្ត្រីអាជ្ញាធរជំនាញរំលោភបំពានយក ដីរបស់ពួកគាត់តាមរយៈការកសាងឯកសារ ដើម្បីស្នើសុំប័ណ្ណកម្មសិទ្ធិមានភាពមិនប្រក្រតី៖