​(កណ្តាល​)៖​ ដោយសារតែមានសហជីពមួយ បន្តញុះញង់កម្មករឱ្យធ្វើបាតុកម្មខុសច្បាប់ រារាំងកម្មករ​-កម្មការិនី ដ៏ច្រើនលើសលប់តាមច្រកទ្វាររោងចក្រហ្គាវ័ន្តអឹភែរឹល​ ស្ថិតនៅសង្កាត់-ក្រុងតាខ្មៅ​ ខេត្តកណ្តាល មិនឱ្យចូលធ្វើការ​នោះ ជាថ្មីម្តងទៀត លោកស្រីនាយិកាជនជាតិកូរ៉េ​ បានសំណូមពរដ៏ទទូចដល់លោករដ្ឋមន្ត្រីក្រសួងការងារ ​និងលោកអភិបាលខេត្តកណ្តាល មេត្តាចាត់​​វិធានការជាបន្ទាន់។

​លោកស្រី ឆា​ ក្យុងហ៊ី​ អាយុ៤៩ឆ្នាំ​ ជាជនជាតិកូរ៉េ​ និងជានាយិកាក្រុមហ៊ុនហ្គាវ័ន្តអឹភែរឹល បានបញ្ជាក់នាថ្ងៃទី២៣ ខែមករា នេះថា​ លោកស្រីបានធ្វើលិខិត២ច្បាប់ គោរពផ្ញើជូនលោករដ្ឋមន្ត្រីក្រសួងការងារ​ និង​មួយច្បាប់ទៀត ផ្ញើជនលោកអភិបាលខេត្តកណ្តាល​ ដើម្បីសុំជួយធ្វើអន្តរាគមន៍ក្នុងរឿងនេះ​ ប៉ុន្តែច្រើនថ្ងៃមកហើយលោកស្រី នៅមិនទាន់ឃើញកម្លាំងមានសមត្ថកិច្ចមកជួយធ្វើអន្តរាមន៍នៅឡើយ​។

គួរំលឹកថា ថ្មីៗនេះក្រុមកម្មករ​-កម្មការិនីរោងចក្រហ្គាវ័ន្តអឹភែរឹល បាននាំគ្នាធ្វើកូដកម្ម​រហូតឈានដល់បិទផ្លូវជាតិលេខ២១​ ស្ថិតនៅភូមិព្រែកសំរោង​ សង្កាត់-ក្រុងតាខ្មៅ​ ខេត្ត
កណ្តាល​ ដើម្បីទាមទារលក្ខខណ្ឌការងារ​មួយចំនួន រួចមក​ខាងភាគីរោងចក្របានធ្វើការធ្វើលិខិតសុំអន្តរាគមន៍ពីលោករដ្ឋមន្ត្រីក្រសួងការងារចំពោះសហជីពស៊ីខៅឌូ (CCAWDU) និងបក្ខពួក ដែលបានបិទទ្វារក្រុមហ៊ុន ទាំងមុខ និងក្រោយ មិនឱ្យកម្មករនិយោជិតចូលធ្វើការ។

លោកស្រីឆា​ ក្យុងហ៊ី​ ធ្លាប់បានបញ្ជាក់ថា កន្លងមកកម្មករ​-កម្មការិនីបាននាំធ្វើកូដកម្មតាមរយៈការញុះញង់របស់សហជីពស៊ីខៅឌូ ក្នុងនោះក្រុមហ៊ុន បានព្យាយាមដោះស្រាយតាមផ្លូវច្បាប់ និងបានអញ្ជើញមន្ត្រីជំនាញមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មកសម្របសម្រួល តែលទ្ធផលទទួលបានសះជាហើយភាគីក្រុមហ៊ុនលោកស្រី បានបន្តទៅដោះស្រាយ​នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលបន្តទៀត។

​លោកស្រីបន្តថា បងប្អូនកម្មករនិយោជិត នៅតែមិនគោរពតាមការបញ្ជាឱ្យចូលធ្វើការវិញ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល យោងតាមលិខិតបញ្ជាឱ្យចូលធ្វើការវិញលេខ០០៦/១៧កបអ. ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ហើយបងប្អូនកម្មករ នៅតែមិនព្រមចូលធ្វើការដដែល។

​បន្ទាប់មកទៀត សាលាដំបូងខេត្តកណ្ដាល ក៏បានចេញដីកាសម្រេចរក្សាការពារលេខ០១៧ ដសករព ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងបានបញ្ជាឱ្យអាជ្ញាសាលានៃ សាលាដំបូងខេត្តចុះអនុវត្តដីកា សម្រេចរក្សា ការពារនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយបញ្ជាឱ្យកម្មករនិយោជិតទាំងអស់ចូលធ្វើការវិញជាបន្ទាន់ហើយ ចាត់ទុកការធ្វើកូដកម្មកន្លងមកជាកូដកម្មខុសច្បាប់។

​លោកស្រីបន្តថា បន្តមកទៀតក្រុមហ៊ុនក៏បានចេញ​លិខិតជូនដំណឹង ជម្រាបដល់បងប្អូនកម្មករនិយោជិតឱ្យចូលធ្វើការវិញតាមដីកាខាងលើរបស់សាលាដំបូងខេត្តកណ្ដាល ក៏ប៉ុន្ដែបងប្អូនកម្មករនិយោជិត នៅតែមិនព្រមអនុវត្តតាមដដែល។ មិនតែប៉ុណ្ណោះ សហជីពស៊ីខៅឌូ និងបក្ខពួក បានប្រព្រឹត្តនូវអំពើខុសច្បាប់ និងមិនគោរពទៅតាមដីការក្សាការពារ របស់សាលាដំបូងខេត្តកណ្ដាល ដោយបន្តញុះញង់ ដឹកនាំ កម្មករនិយោជិតឱ្យបិទទ្វារច្រកចេញ ចូលក្រុមហ៊ុនទាំងមុខ និងក្រោយមិនឱ្យក្រុមហ៊ុនដឹកទំនិញ ចូល និងកម្មករដទៃទៀតចូលធ្វើការបាន។

​លោកស្រីបន្តថា ជាក់ស្ដែងក្រោយពីសាលាដំបូងខេត្តកណ្ដាល បានចេញដីកាសម្រេចរក្សាការពារ មានបងប្អូនកម្មករនិយោជិតចូលធ្វើការវិញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន៣៥៩នា​ក់, ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន២៦១នាក់, ហើយនាថ្ងៃទី០២ ខែមករា​ ឆ្នាំ២០១៨ គឺខាងសហជីពស៊ីខៅឌូ បានរារាំងមិនឱ្យកម្មករចូលធ្វើការទាំងអស់ ដែលទង្វើបែបនេះបានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រុមហ៊ុនហ្គាវ័ន្ត មិនអាចដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនបាន និងបន្តប៉ះពាល់ទៅដល់ការបិទរោងចក្រទាំងស្រុងតែម្ដង។

​លោកស្រីបន្តថា ម៉្យាងនាំឱ្យជះឥទ្ធិពលមិនល្អទៅដល់វិនិយោគិនដទៃទៀតដែល ចង់មកវិនិយោគលើវិស័យ​ឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា។ មួយវិញទៀត វាធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍​ផ្សេងៗរបស់កម្មករនិយោជិតទាំងអស់ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឆ្នាំ២០១៨នេះ។

​ជុំវិញករណីខាងលើនេះ​ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីមេដឹកនាំសហជីពស៊ីខៅឌូ (CCAWDU)នារសៀលថ្ងៃទី២៣ ខែមករានេះ បានឡើយ៕