(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បាននាំយករថយន្ត ពិសោធន៍ប្រេងឥន្ធនៈចល័ត ចុះត្រួតពិនិត្យប្រេងឥន្ធនៈតាមស្ថានីយ៍ធំៗ ក្នុងក្រុងពោធិ៍សាត់ បានចំនួន៩ស្ថានីយ៍។

បើតាមមន្ដ្រីកាំកុងត្រូលខេត្ត បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលបានរកឃើញចំនួន៤ស្ថានីយ៍ មានបរិមាណ និងគុណភាពត្រឹមត្រូវ ប៉ុន្ដែបានរកឃើញចំនួន៥ស្ថានីយ៍ ខ្វះបរិមាណ តែគុណភាពត្រឹមត្រូវ។

មន្ដ្រីកាំកុងត្រូលខេត្តដដែលរូបនេះ បានបន្ថែមទៀតថា ចំពោះស្ថានីយ៍ ដែលខ្វះបរិមាណ ត្រូវបានសាខាកាំកុងត្រូល ខេត្តពោធិ៍សាត់ ឲ្យធ្វើកិច្ចសន្យា ដើម្បីឲ្យកែប្រែ ឲ្យបានត្រឹមត្រូវវិញ។ បើពេលក្រោយពិនិត្យ ឃើញលទ្ធផលដដែល សាខាកាំកុងត្រូលខេត្ត នឹងធ្វើការផាកពិន័យតាមច្បាប់។

ជាមួយគ្នានេះដែរ ក្រោយពីបានធ្វើការងារខាងលើ នៅរសៀលថ្ងៃដដែល មន្ត្រីសាខាកាំកុងត្រូល ក៏បានសហការជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញម្ហូបអាហារដែលដាក់ តាំងលក់ នៅទីលានតាំងពិព៌ណ ក្នុងក្រុងពោធិ៍សាត់ ដោយធ្វើតេស្តបឋមលើ បង្គា២គំរូ មឹក២គំរូ ប្រហិតសាច់គោ៣គំរូ សាច់ប៉ាត់តេ១គំរូ និងសាច់ក្រក២គំរូ។ ជាលទ្ធផលរកមិនឃើញ វត្តមានសារធាតុគីមីហាមឃាត់ឡើយ៕