(ឧត្តរមានជ័យ)៖ នៅរសៀល​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តកែច្នៃ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន២នាក់ ស្ថិតនៅចំណុចផ្លូវជាតិ៥៦ ចន្លោះគីឡូម៉ែត្រលេខ៦៩ និង៧០ នៅក្នុងភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នគរបាលចរាចរបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ករណីនេះបង្កដោយម៉ូតូម៉ាក CBR ពណ៌សក្រហម ជិះគ្នា៣នាក់ គ្មានស្លាកលេខបើកបរក្នុងល្បឿនលឿននៅចំណុចផ្លូវកោង បើកបុករនាំងបង្កាន់ដៃខាងផ្លូវ រួចជ្រុលទៅបុកទ្រុងរថយន្ត ដែលកំពុងបត់ស្ដាំចូល ដែលបើកភ្លើងសញ្ញាបត់ស្តាំត្រឹមត្រូវហើយដួលចូលក្រោមរថយន្តបណ្តាលយុវជនម្នា​ក់បានស្លាប់នៅនឹងកន្លែង និងរងរបួសមនុស្ស២នាក់តែម្តង។

សមត្ថកិច្ចបានបន្តថា អ្នកបើកបរ និងអ្នករួមដំណើររួមមានទី១៖ ឈ្មោះសារ៉ាត់ ឆានុន អាយុ១៨ឆ្នាំ អ្នកបើកបរម៉ូតូ​ (ស្លាប់នឹងកន្លែងកើតហេតុ), ទី២៖ ឈ្មោះ ពេក សារ៉ាន់ អាយុ១៦ឆ្នាំ (រងរបួសធ្ងន់), និងទី៣៖ ឈ្មោះ អួន សុឃី អាយុ១៥ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំង៣នាក់ រស់នៅភូមិប្រាសាទបី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជាមួយគ្នា។ ចំណែកអ្នកបើកបររថយន្តកែច្នៃ ឈ្មោះ មាន មួត អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋាន បានធ្វើការវាស់វែង និងចាប់យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក, ចំណែកសាកសព ត្រូវគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបុរី៕