(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានសង្កត់ធ្ងន់ៗ និងដាក់បញ្ជាឲ្យមន្ត្រី និងសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ ដាច់ខាតមិនឲ្យមានច្រករបៀងទៀតឡើយ នៅតាមបន្ទាត់ព្រំដែន។

លោក លី ឡេង បានបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការលុបបំបាត់ប៉ុស្តិ៍ ត្រួតពិនិត្យលើផ្ទៃប្រទេស នៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត កម្លាំងទាំង៣ប្រភេទ ព្រះរាជអាជ្ញា តុលាការ និងតាមមន្ទីរនានាជុំវិញខេត្ត មេប៉ុស្តិ៍តាមច្រក ទ្វារព្រំដែន នឹងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។

លោក លី ឡេង បានលើកឡើងចំៗ ស្ដីពីបញ្ហាតាមបន្ទាត់ព្រំដែនមានដូចជា៖ បញ្ហាព្រៃឈើខុសច្បាប់ ទំនិញគេចពន្ធជួលដីឲ្យវៀតណាមខុសច្បាប់ ប៉ុស្តិ៍ចល័តច្រករបៀងខុសច្បាប់ និងកុងត្រូលជជុះ គឺហាមមិនឲ្យមានលេចចេញនៅក្នុងទឹកដីខេត្តត្បូងឃ្មុំនោះទេ។

លោក លី ឡេង បានសង្កត់ធ្ងន់ៗថា «ជាពិសេសច្រករបៀងតែម្ដង គឺហាមដាច់ខាតមិនឲ្យមានច្រករបៀង នៅតាមបន្ទាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំឡើយ»

លោកអភិបាលខេត្ត ក៏បានស្នើឲ្យកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាដាច់ខាតធ្វើយ៉ាងណាបង្ការ បង្ក្រាប និងលុបបំបាត់ឲ្យអស់ នូវបទល្មើសទាំងឡាយដែលខុសច្បាប់ ពិសេសនៅតាមបន្ទាត់ព្រំដែន ក្នុងដែនដីខេត្តត្បូងឃ្មុំ ដោយដាច់ណាត់ចាប់ពីពេលនេះតទៅ៕