(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា លោក សម រង្ស៉ី ពេលនេះគឺជាមេភេរវកម្មដ៏ធំមួយដែលមានចេតនាបង្កអសន្តិសុខដល់ប្រទេសកម្ពុជា។ ជាមួយគ្នានេះសម្តេចបានព្រមានធ្ងន់ៗថា លោក សម រង្ស៉ី សូមកុំចូលប្រទេសណាមួយ នៅក្នុងតំបន់អាស៊ីឱ្យសោះ បើមិនដូច្នោះទេ នឹងត្រូវកម្ពុជាសហការជាមួយប្រទេសផ្សេងៗចាប់ខ្លួនហើយ។

ការព្រមានធ្ងន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញចែកសញ្ញាបត្រដល់និស្សិតជាង២ពាន់នាក់ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ដោយសំដៅលើលោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ ដែលរដ្ឋាភិបាលចាត់ទុកថាជា ចលនាឧទ្ទាមនោះ សម្តេចតេជោ ហ៊ុន សែន បានព្រមាន កុំឱ្យទណ្ឌិតនេះ បង្ហាញខ្លួន នៅតំបន់អាស៊ី។ សម្តេចបានប្រកាសយ៉ាងដូច្នេះថា៖ «អ្នកខ្លះ អាអ្នករត់ចោលស្រុកហ្នឹង​ថា សម្ពាធៗៗ អញ្ជើញមកសម្ពាធ វាត្រូវក្បាលហ៊ុន សែនហើយ។ សម្ពាធតិចប៉ះលើខ្លួនឯង ហើយខ្ញុំសូមផ្តាំកុំមកអាស៊ីឱ្យសោះ សូមកុំមកក្បែរះអាស៊ី បើអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងទាល់តែបាន ឥឡូវនេះគេកំពុងប្រកាសខ្លួនជាមេភេរវករហើយ មិនមែនត្រឹមតែជាអង្គការក្រៅច្បាប់ ប៉ុន្តែជាភេរវករតែម្តង ជាអង្គការភេរវកម្ម សូមអញ្ជើញចុះ»

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ លោក សម រង្ស៉ី បានប្រកាសជាផ្លូវការ នៃការបង្កើតចលនាសង្រ្គោះជាតិ នៅក្រៅប្រទេស ដែលចលនានេះ ត្រូវបានលោកអះអាងថា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែង លោក កឹម សុខា និងទាមទារឱ្យគណបក្សសង្រ្គោះជាតិ ដែលតុលាការរំលាយនោះ អាចចូលរួមក្នុងការបោះឆ្នោតឡើងវិញ។ ក្នុងពិធីប្រកាសជាផ្លូវការនូវចលនានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យមានចលនាសង្រ្គោះជាតិ នៅក្នុងជួរកងទ័ព និងនៅក្នុងគណបក្សប្រជាជនកម្ពុជា។

សម្តចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ខ្ញុំគ្រាន់តែប្រាប់ទេ អ្នកឯងគួរតែកុំបង្ខំ ឱ្យគេវ៉ៃដែកគោលទៅលើក្តាមមជ្ឈូសរបស់អ្នកឯងថែមទៀត កុំសង្ឃឹមឱ្យសោះបើនៅក្នុងដៃតុលាការវាជារឿងមួយ ប៉ុន្តែបើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្ប​ីតែ BM21 ក៏គេហ៊ានវ៉ៃចូលទៅកន្លែងហ្នឹងដែរ គេមិនអាចឱ្យប្រទេសនេះ មានអប្បគមន៍ សារជាថ្មីទេ សុំទោស»

សម្តេចបានបន្ថែមថា «ខ្ញុំអត់និយាយទេ ប៉ុន្មានថ្ងៃនេះ ប៉ុន្តែចលនាឯណា សូមអញ្ជើញចុះ អញ្ជើញមកហើយមកខ្លួនឯងគឺល្អបំផុតហើយ។ អត់អីទេ ហ៊ុន សែន បើទោះបីជាមិនកាន់ទ័ពផ្ទាល់ក៏ដោយ ក៏ប៉ុន្តែបញ្ជាកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងក្របខណ្ឌជាអនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ ដូច្នេះអ្នកត្រូវយល់ថា មេទ័ពមួយនេះ គឺមិនមែនជាមេទ័ពទន់ជ្រាយទេ»

សម្តេចបានលើកឡើងទៀតថា «នៅចាំទេ មានមួយនោះគេហៅ “អាឆ្កែ” កាលពីជំនាន់សតវត្សទី២០ ឥឡូវដល់សតវត្សទី២១ កូនអាមនុស្សដដែលហ្នឹងគេហៅ “អាឆ្កែ”ទៀត»

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ បានព្រមានកម្ទេចចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយបុគ្គល សម រង្ស៊ី ប្រសិនបើកើតមាននៅកម្ពុជា។

ស្របពេលជាមួយគ្នានេះ ក្រសួងមានសមត្ថកិច្ច ក៏ព្រមានកម្ចាត់ចលនានេះផងដែរ បើសិនជាកើតមាននៅកម្ពុជា៕