(ភ្នំពេញ)៖ វិសោធនកម្ម ក្រមព្រហ្មទណ្ឌ ដែលចែងពាក់ព័ន្ធនឹងការដាក់ទោសលើអ្នកប្រមាថព្រះមហាក្សត្រ ត្រូវរាជរដ្ឋាភិបាល អនុម័តទាំងស្រុងដោយឥតកែប្រែ នៅម៉ោងប្រមាណ១០៖៣០នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការរៀបចំវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គឺដើម្បីធានាលើកស្ទួយ និងការពារព្រះចេស្ដា និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ស្របតាមមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានសំណើពីក្រុមប្រឹក្សាធម្មនុញ្ញផងនោះអំពីប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវកំណត់ជាបទល្មើសព្រហ្មទណ្ឌ។
លោកបានបន្តថា យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ គឺមានបទបញ្ញត្តិមួយចំនួនចែងអំពីការរំលោភបំពានដល់អង្គព្រះមហាក្សត្រដែលត្រូវបានរៀបចំប្រមូលផ្ដុំក្នុងជំពូកទី១ នៃមាតិការទី១ ស្ដីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ ក្នុងគន្ថីទី៤ ស្ដីពីបទល្មើសប្រឆាំងនឹជាតិ។
ក្នុងន័យនេះ បទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាមាត្រាថ្មីមួយបន្ថែម គឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលមានខ្លឹមសារជារួមថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
សូមបញ្ជាក់ថា នៅព្រឹកនេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តចំពោះសេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញ សេចក្តីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌ និងរបៀបវារៈមួយចំនួនទៀត។ កិច្ចប្រជុំនៅព្រឹកថ្ងៃនេះធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
របៀបវារៈដែលត្រូវពិភាក្សានោះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣៖ សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
៥៖ បញ្ហាផ្សេងៗ៕