(កំពង់ចាម)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។
ការព្រមានខ្លាំងៗបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «រឿងកាត់ឡានត ខ្ញុំសុំបញ្ចាក់ចាប់ពីម៉ោង០០នាទីយប់នេះទៅ ឡានតទ្រុងទាំងប៉ុន្មានមិនត្រូវមានវត្តមានលើផ្លូវទេ បើមានវត្តមានលើផ្លូវ នៅក្នុងខេត្តណា ស្រុកណា ចៅហ្វាយខេត្តនោះ ចៅហ្វាយស្រុកនោះ ត្រូវទទួលខុសត្រូវ ។ ចាប់ទុកទាំងអស់ ចាប់កាត់ទាំងអស់ អត់មានលែង ឥឡូវខេត្តមួយៗ ស្រុកមួយៗពង្រាយគ្នាទទួលខុសត្រូវ ខ្ញុំនឹងតាមមើល ហើយអស់លោកកុំភ្លេចដឹងដៃ ហ៊ុន សែន ហើយ បើចង់ដកចៅហ្វាយខេត្ត ដកត្រឹមតែ២៤ម៉ោងទេ បើចង់ដកចៅហ្វាយស្រុកត្រឹមតែ១៥នាទីប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់មិនត្រូវយកឡើងលើផ្លូវនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។ សម្តេចថា រថយន្តទាំងនេះ បានធ្វើឲ្យខូចផ្លូវខ្លាំងណាស់។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា កម្ពុជានាពេលបច្ចុប្បន្នមានមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរច្រើនជាងពេល ប្រទេសកើតសង្គ្រាមទៅទៀត។ ដើម្បីលុបបំបាត់បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ជាពិសេសអ្នកបើកបរត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយ៉ាងម៉ឹងម៉ាត់បំផុត ចំពោះការដឹកជញ្ជូនលើសទម្ងន់។ ក្នុងនោះសម្តេចបញ្ជាបានឲ្យហៅ រាល់ក្រុមហ៊ុនទាំងអស់មកនិយាយគ្នា ហើយបើគេមិនព្រមបញ្ឈប់ការដឹកលើសទម្ងន់ទេ ត្រូវបិទក្រុមហ៊ុននោះចោលតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អារឿងរថយន្តដឹកលើសទម្ងន់នេះ ខ្ញុំដាក់ចេញនូវបទបញ្ជាអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់បំផុត ក្រុមហ៊ុនណាដែលដឹកជញ្ជូនលើសទម្ងន់ យើងប្រជុំក្រុមហ៊ុនទាំងអស់ហៅមកនិយាយគ្នា បើសិនជាមានយើងអាចចាប់រថយន្តហើយ យើងអាចបិទក្រុមហ៊ុនចោល បើទោះជាមានការតវ៉ាក្តី បិទសិនទៅ ព្រោះអ្នកឯងសម្លាប់មនុស្សអស់ប៉ុន្មាន អ្នកឯងបំផ្លាញផ្លូវអស់ប៉ុន្មាន បើអ្នកឯងមិនកែ ខ្ញុំបិទក្រុមហ៊ុនចោល»។
សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕