(ពិភពលោក)៖ Facebook គឺជាបណ្តាញទំនាក់ទំនងសង្គម ដែលឈរលេខរៀងទី១ នៅលើពិភពលោក និងមានមនុស្សកំពុងប្រើប្រាស់រាប់ពាន់លាននាក់ ជាពិសេសបណ្តាមេដឹកនាំពិភពលោកល្បីៗ សុទ្ធសឹងតែមានគណនីហ្វេសបុករៀងៗខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺបណ្តាមេដឹកនាំមួយចំនួនហាក់បង្ហាញសកម្មភាពខ្លាំងក្លាដើម្បីធ្វើការផ្តល់ព័ត៌មាន ដោយផ្ទាល់ទៅកាន់ប្រជាជនរបស់ខ្លួន ដែលនាំឲ្យហ្វេសបុករបស់មេដឹកនាំពិភពលោកទាំងនោះ ទទួលបានប្រជាប្រិយភាព មិនត្រឹមតែក្នុងស្រុកនោះឡើយ គឺថែមទាំងធ្លាយដល់បណ្តាប្រជាជន នៃប្រទេសនានាទូទាំងពិភពលោកថែមទៀត។
ជាក់ស្តែងស្ថិតិនាឆ្នាំ២០១៧ ដែលត្រូវបានចេញផ្សាយដោយគេហទំព័រទំនាក់ទំនងសាធារណៈ Burson Marsteller បានបង្ហាញនូវលេខរៀងកំពូលៗចំនួន៣ នៃ Facebook Page ផ្លូវការរបស់មេដឹកនាំពិភពលោក ដែលមានភាពល្បីល្បាញ ឬមានអ្នកប្រើប្រាស់ចាប់អារម្មណ៍ខ្លាំងបំផុត (Interactions) នៅលើបណ្តាញសង្គមយក្សមួយនេះដោយក្នុងនោះលេខ១ បានទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, លេខ២ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងលេខ៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែម្តង។
សម្រាប់ចំណាប់អារម្មណ៍ពីបណ្តាអ្នកប្រើប្រាស់ Facebook ជារួមនោះ គឺយោងទៅលើចំនួន Like, Share, Comment, និង Reach បូកបញ្ជូលគ្នាដោយក្នុងនោះបណ្តុំរូបថត ដែលសម្តេចតេជោ ហ៊ុន សែន បង្ហោះជាមួយនឹងដំណើរកម្សាន្តថ្ងៃសម្រាករបស់សម្តេចជាមួយឧត្តមភរិយា និងចៅៗ ធ្វើឲ្យសម្តេចទទួលបានការចាប់អារម្មណ៍ជារួម ៥៨លាន (Interactions) ដែលឈរនៅក្រោមតែលោក ដូណាល់ ត្រាំ និងលោក ណារិនដ្រា ម៉ូឌី តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា មេដឹកនាំពិភពលោកកាន់តែច្រើន បានបង្កើនសកម្មភាពកាន់តែខ្លាំង នៅលើបណ្តាញសង្គម Facebook ដូចជាការបង្ហោះរូបភាព ៥៥ភាគរយ, បង្ហោះលីងវែបសាយ ២២ភាគរយ, បង្ហោះវីដេអូ ១២ភាគរយ និងបង្ហោះសារផ្សេងៗ៨ភាគរយ៕