(ហ្សឺណែវ, ស្វីស)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំដល់មន្ត្រីដែលកំពុងបំពេញការងារនៅអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ប្រឹងប្រែងបំពេញការងារទាញយកផលប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនានា ដើម្បីជួយដល់ការអភិវឌ្ឍន៍កម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការណែនាំរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយលោក ពេជ ឫទ្ធី អគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍ និងមន្រ្តីទាំងអស់នៃស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងកិច្ចសំណេះសំណាលនោះ លោករដ្ឋមន្រ្តី បានណែនាំឲ្យមន្រ្តីនៃស្ថានបេសកកម្មអចិន្រ្តៃយ៍ទាំងអស់ឲ្យសហការគ្នា ក្នុងការអនុវត្តន៍តួនាទី និងសកម្មភាពការងាររបស់ខ្លួនទាំងក្នុង និងក្រៅស្ថាប័ន ដើម្បីធានានូវប្រសិទ្ធភាពការងារ និងការពារផលប្រយោជន៍ជាតិ៕