(កំពង់ធំ)៖ បន្ទាប់ពី​ទទួលដំណឹងថា សាលាឆាន់នៃវត្តតាំងក្រសៅ ស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវអគ្គិភ័យ​ឆាបឆេះអស់ កាលពីពេលថ្មីៗនោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា បានចាត់តំណាងរបស់ខ្លួននាំយកសម្ភារប្រើប្រាស់ និងថវិកាចំនួន ៤លានរៀល ប្រគេនព្រះសង្ឃក្នុងវត្ត ដើម្បី​ដោះស្រាយការលំបាកនានា។

សកម្មភាពនេះ ធ្វើឡើងនាព្រឹកថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ហ៊ាន គឹមសឿន នាយកខុទ្ទការល័យធនាគាជាតិនៃកម្ពុជា តំណាងលោក ជា ចាន់តូ ​និងលោកស្រី។

លោក ហ៊ាន គឹមសឿន បានពាំនាំសារផ្ដាំផ្ញើសួរសុខទុក្ខ​របស់លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា និងសម្ដែងការសោកស្ដាយ​ចំពោះគ្រោះមហន្ដរាយនេះ ទោះបីមិនមាន​អ្នកណាម្នាក់​រងគ្រោះក៏ដោយ ប៉ុន្ដែនេះបានធ្វើឲ្យបាត់បង់មួយចំណែកដែរ ហើយក្នុងនោះលោក ហ៊ាន គឹមសឿន ក៏បាន​ជំរុញឲ្យពលរដ្ឋគ្រប់រូប គប្បីប្រុងប្រយ័ត្ន​កុំឲ្យកើតមានគ្រោះអាក្រក់នេះម្ដងទៀតឲ្យសោះ។

នាឱកាសនោះដែរ លោក ហ៊ាន គឹម សឿន តំណងលោក​ ជា ចាន់តូ ក៏បានប្រកាសជួយជុសជុលច្រាំងស្រះទឹកមុខព្រះវិហារផងដែរ។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង​លោក ជា ចាន់តូ ដែលជានិច្ចកាលតែងគិតគូរ និងជួយឧបត្ថម្ភដោះស្រាយគ្រប់បែបយ៉ាងទាន់ពេលវេលា។

លោកបន្តថា តាមរយៈអំណោយសប្បុរសធម៌ ដែលបាននាំយកមកប្រគេនព្រះសង្ឃនាពេលនេះ ជាសក្ខីភាពបង្ហាញប្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា​ ដោយគ្មានថ្ងៃបំភ្លេចបានឡើយ។ ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកនេះ ក៏បានជួយដល់វត្តតាំងក្រសៅផងដែរ ដូចជាជួយដល់ការកសាងព្រះវិហារ និងពុទ្ធិ​សមិទ្ធផលនានា មានសាលា​ឆាន់ថ្មីជាដើម។

សូមរំឭកថា កាលពីថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ២០១៨ សាលាឆាន់វត្តតាំងក្រសៅ ត្រូវបានអគ្គីភ័យបំផ្លាញទាំងស្រុង ហើយទំហំនៃការខូចខាត ត្រូវបានលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថាមានតម្លៃជាង ៤ម៉ឺនដុល្លាអាមេរិក៕