(ភ្នំពេញ)៖ ​ថ្លែងក្នុងពិធីបិទ​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅរសៀលថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់មិនបានបិទទិដ្ឋាការដល់មន្ដ្រីរដ្ឋាភិបាលកម្ពុជា ដូចសារព័ត៌មានមួយចំនួនចុះផ្សាយនោះឡើយ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវមានព័ត៌មានមួយទៀតថា អាល្លឺម៉ង់ហាមឃាត់មន្ដ្រីរាជរដ្ឋាភិបាលកម្ពុជា មិនឲ្យទៅចូលអាល្លឺម៉ង់ តែខ្ញុំកំពុងតែឆ្ងល់ថា អាល្លឺម៉ង់ជាប្រទេសមួយដែលនៅក្នុងប្លុកអឺរ៉ុប អា Visa ចូលសហគមន៍អឺរ៉ុបនេះ មាន Visa មួយដែលគេហៅថា Visa attdent ដែល attdent នេះប្រទេសខ្លះគេលើកលែង ប៉ុន្ដែមានព័ត៌មាន មួយ​រឿងហ្នឹងគេប្រឌិតវាមិនពិត ដែលខ្ញុំទទួលបានព័ត៌មានចុងក្រោយនេះ មិនមែនរដ្ឋាភិបាលអាល្លឺម៉ង់ទេ ដែលរឿងនេះយើងស្រាវជ្រាវបន្ដទៀត»

ការថ្លែងបែបនេះរបស់សម្ដេចក្រឡហោម ស ខេង បានធ្វើឡើងបន្ទាប់ពីកាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅព្រឹកថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយថា រដ្ឋាភិបាល​អាល្លឺម៉ង់ព្យួរការ ផ្តល់ទិដ្ឋាការអនុគ្រោះចំពោះសមាជិករដ្ឋាភិបាលកម្ពុជា ដើម្បី​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​ដៅ​ជម្រុញ​ឲ្យ​កែ​លម្អ​បរិយាកាស​នយោបាយ។

សូមជំរាបថា ក្រៅពីប្រតិកម្មរបស់សម្ដេច ស ខេង នៅថ្ងៃនេះ, កាលពីម្សិលមិញអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ថា រដ្ឋាភិបាល​អាល្លឺម៉ង់ មិន​បាន​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសអាល្លឺម៉ង់​នោះ​ទេ។ ហើយក៏ពុំ​មាន​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ជុំវិញ​ការ​ព្យួរ​ទិដ្ឋាការ។

លោក ​ជុំ សុន្ទ​រី តាមរយៈបណ្ដាញព័ត៌មាន Fresh News បានថ្លែងប្រាប់ឲ្យ​ដឹងយ៉ាងដូច្នេះថា​ «ពុំ​មាន​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ជុំវិញ​ការ​ព្យួរ​ទិដ្ឋាការ​ ចាប់​ពី​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រុម​គ្រួសារ មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​របស់​កម្ពុជា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ភ្នំពេញ​ប៉ុស្តិ៍​នោះ​ទេ។ ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អាល្លឺម៉ង់ ដូច​ជា​ពុំ​មាន​ភាព​ចម្រូង​ចម្រាស់​អ្វី​នោះ​ទេ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ហើយ​ក៏​ពុំ​មាន​ការ​ព្រមាន ឬការ​ដាក់​សម្ពាធ​ណា​មួយ ធ្វើ​ឡើង​តាម​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា មក​ដល់​ក្រសួង​ការ​បរទេស ឬរដ្ឋាភិបាល​កម្ពុជានោះ​ឡើយ»។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មក​ដល់​ពេល​នេះ មាន​តែ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មួយ​គត់ ដែល​បាន​ចេញ​ប្រកាស​ជា​ផ្លូវ​ការ​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក៕