(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា ការអំពាវនាវរបស់អង្គការមួយ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរ ចេញទៅបោះឆ្នោត គឺបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងធ្វើឧទ្ទាមកម្មពិតប្រាកដ ដើម្បីប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិចូលរួមនយោបាយ ក្នុងកិច្ចជ្រើសរើស អ្នកតំណាងរបស់ពលរដ្ឋ ដែលទង្វើនេះ មិនអាចអនុគ្រោះបានឡើយ។
ការថ្លែងរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាការផ្លើយតបទៅនឹង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាមួយ ដែលមានមូលដ្ឋានក្នុងប្រទេសន័រវែស (Norway) ដែលបានអំពាវនាវឲ្យពលរដ្ឋខ្មែរធ្វើពហិការ កុំទៅចូលរួមការបោះឆ្នោតសកលរបស់កម្ពុជា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្រុមប្រឹក្សាឃ្លាំមើលនៅកម្ពុជាមួយនេះ បានអះអាងថា ប្រសិនបើចំនួនអ្នកទៅចូលរួមបោះឆ្នោតនៃប្រទេសមួយទាំងមូល ថយចុះទាបជាងត្រឹម ៥០ភាគរយក៏ដោយមានន័យថា ជាលទ្ធផលដែលប្រជាពលរដ្ឋមិនពេញចិត្ត នឹងការដឹកនាំសព្វថ្ងៃ ហើយសហគមន៍អន្តរជាតិ ក៏នឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះផងដែរ។
លោក ផៃ ស៊ីផាន បានធ្វើការបញ្ជាក់ធ្ងន់ៗ យ៉ាងដូច្នេះថា៖ «នេះជាអំពើភេរវកម្ម ដែលរាជរដ្ឋាភិបាល មិនអនុគ្រោះជាដាច់ខាត»។ លោកបានបន្ថែមទៀតថា សិទ្ធិស័្វយសម្រេចរបស់ ប្រជាពលរដ្ឋ ត្រូវបានទទួលស្គាល់ទាំងធម្មនុញ្ញ អង្គការសហប្រជាជាតិ ក៏ដូចជាថ្នាក់ជាតិកម្ពុជាផងដែរ ដូចនេះយុទ្ធនាការ របស់បុគ្គលណា ឬក្រុមណាប្រឆាំងនឹងសិទ្ធិនេះ គឺមិនត្រឹមតែឧទ្ទាមតែប៉ុណ្ណោះ គឺជាសកម្មភាពភេរវកម្មប្រឆាំងនឹងអំណាចប្រជាពលរដ្ឋស៊ីវិល»។
លោក ផៃ ស៊ីផាន បានបន្តទៀតថា លទ្ធិប្រជាធិបតេយ្យ គឺជាកម្មសិទ្ធិផ្ទាល់របស់ប្រជាពលរដ្ឋមា្នក់ៗ ក៏ដូចជារួមនៃ សកម្មភាពនយោបាយ ក្នុងកិច្ចការ ជ្រើសរើស និងទទួលខុសត្រូវ លើជោគវាសនារបស់គេ។ លោកបានបន្ថែមថា យុទ្ធសាស្រ្ត ដែលយកតួលេខប្រជាពលរដ្ឋ តាមរយៈចំនួនសន្លឹកឆ្នោត នៅក្នុងប្រអប់ ដើម្បីជាសមរភូមិវាយប្រហារ លើភាពស្របច្បាប់ គឺជាសមរភូមិដែលតែងតែបរាជ័យរបស់ក្រុមឧទ្ទាម ឬក្រុមប្រឆាំង ដែលគេតែងតែ ប្រើយុទ្ធសាស្រ្តនេះ ដើម្បីបំផ្លាញភាពស្របច្បាប់របស់កម្ពុជា ក្នុងការធ្វើឱ្យមានឱកាសអាណាធិបតេយ្យ និងអស្ថិរភាពនៅកម្ពុជា»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងផងដែរថា នៅសហរដ្ឋអាមេរិក ក៏ដូចជានៅអឺរ៉ុប ចំនួនសន្លឹកឆ្នោតនៅក្នុងប្រអប់ឆ្នោតផ្លូវការ ជាទូទៅ គឺមានបរិមាណចំនួនតិចជាង ៤០ភាគរយ ហើយលទ្ធផលនោះក៏ប្រជាជាតិទាំងនោះចាត់ទុកថា បានការ និងស្របច្បាប់ផងដែរ៕