(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ បានអះអាងប្រាប់ បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្ទេរសិទ្ធិដឹកនាំ សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទដោយ នាយឧត្តមសេនីយ៍ គន់ គីម ជូនដល់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនោះ មិនមានអ្វីបែកបាក់ ដូចការបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំងឡើយ។

លោក ឈុំ សុជាត បានអះអាងថា ការប្រគល់សិទ្ធិដឹកនាំនាយសេនាធិការចម្រុះនេះ គឺគ្រាន់តែជាការប្រគល់ការងារទទួលខុសត្រូវជូនមន្រ្តីជាន់ខ្ពស់ណាមួយ នៅពេលដែល នាយឧត្តមសេនីយ៍ គន់ គីម អវត្តមាន ឬជាប់រវល់នៅកិច្ចការងារមូលដ្ឋានតែប៉ុណ្ណោះ ដោយសារតែមួយរយៈនេះ នាយឧត្តមសេនីយ៍ គន់ គីម មានការមមាញឹក នៅកិច្ចការ មូលដ្ឋាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតទៅ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អំពីការផ្ទេរសិទ្ធិដឹកនាំ បញ្ជាការងារ សេនាធិការចម្រុះជូនដល់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ ទទួលដឹកនាំ ការងារនេះ។

ពាក់ព័ន្ធនឹងករណីនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យដឹងថា ការសម្រេចប្រគល់សិទ្ធិនេះ ដោយសារតែរូបលោក ជាប់រវល់មមាញឹកការងារ នៅតាមបណ្តាខេត្ត ជាពិសេសការងារចុះជួយអតីតយុទ្ធជនកម្ពុជា។

ការផ្ទេរសិទ្ធិនេះ បានធ្វើឱ្យក្រុមប្រឆាំងមួយចំនួន យកទៅផ្សព្វផ្សាយបំភ្លៃវាយប្រហារថា រដ្ឋាភិបាលកម្ពុជា មានការបារម្ភខ្លាចរដ្ឋប្រហារយោធាទៅវិញ។ ការវាយប្រហារនេះ ត្រូវបានគេសង្ស័យថា បង្កើតឡើងដោយ ក្រុមឧទ្ទាម «ចលនាសង្រ្គោះជាតិ» ដូចដែល លោក សម រង្ស៊ី បានប្រកាស នៅក្នុងពិធីបង្កើតជាផ្លូវការនូវចលនាសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ថា នឹងធ្វើចលនានេះ នៅក្នុងជួរកងទ័ព និងជួរគណបក្សប្រជាជនកម្ពុជា មុនគេបង្អស់៕

នាយឧត្តមសេនីយ៍ ឈុំ សុជាត

នាយឧត្តមសេនីយ៍ គន់ គីម

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត