(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះបានលើកឡើងថា កាលពីម្សិលមិញសម្តេចបានចុះហត្ថលេខាបង្កើតជាផ្លូវការហើយ នូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជាប្រធាននៃមូលនិធនេះ ដើម្បីបន្តសកម្មភាពរបស់មន្ទីរពេទ្យនេះ កុំឲ្យដួលរលំដោយសារអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានចុះហត្ថលេខាទៅលើការបង្កើតជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ហើយខ្ញុំ និងភរិយាខ្ញុំធ្វើជាប្រធានកិត្តិយសនៃមូលនិធិនេះតែម្តង អញ្ចឹងអស់លោកឧកញ៉ាត្រៀមខ្លួនដើម្បីចូលរួម»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា មូលនិធិគន្ធបុប្ផា នៅប្រទេសស្វីស ដែលមានលោកវេជ្ជបណ្ឌិត Beat Richne ជាអ្នកបង្កើតនៅតែបន្តវត្តមាន ក៏ប៉ុន្តែយើងត្រូវតែមានមូលនិធិគន្ធបុប្ផារបស់កម្ពុជាមួយទៀត ជាមួយថវិការបស់រដ្ឋដែលត្រូវផ្ទេរជូនមន្ទីរពេទ្យ ក៏ត្រូវមានថវិកាដទៃទៀតតាមរយៈ ជនជាតិរបស់យើងដើម្បីចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផានេះឲ្យដំណើរការទៅមុខមន្តទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្តយ៉ាងដូច្នេះថា «ពិតហើយមន្ទីរពេទ្យនេះ មានប្រទេសខ្លះ បានប្រឆាំងនឹងមន្ទីរពេទ្យនេះ ប្រឆាំងទៅនឹងវេជ្ជបណ្ឌិត Beat Richne គេនិយាយថាស្តង់ដារព្យាបាលជំងឺសនៅកម្ពុជា ឲ្យមានកម្រិតទាបកុំឲ្យដូចប្រទេសនានា ដែលមានការអភិឌ្ឍន៍ ពួកគេចង់បានអញ្ចឹង»។ ប៉ុន្តែលោកវេជ្ជបណ្ឌិត Beat Richne គាត់អត់ស្តាប់គាត់អត់ស្តាប់អញ្ចឹងស្តងដារព្យាបាល របស់មន្ទីរពេទ្យគន្ធបុប្ផា មានកម្រិតខ្ពស់ បានជាប្រទេសខ្លះគេមិនសប្បាយចិត្ត និងមិនផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏លោកវេជ្ជបណ្ឌិតបន្តដើររ៉ៃអង្គាសថវិកានានា និងដោយមានជំនួយរដ្ឋាភិបាលស្វ៊ីស ក៏បានបន្តជួយផងដែរ»។
សម្តេចតេជោ ហ៊ុន សែន បាបញ្ជាក់ថា យើងត្រូវជួយមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា មួយនេះកុំឲ្យដួររលំដោយសារអវត្តមានរបស់លោកវេជ្ជបណ្ឌិត Beat Richne។ មិនតែប៉ុណ្ណោះសម្តេចបានអំពាវនាវដល់គ្រូពេទ្យទាំងអស់សូមកុំទុក ឲ្យអ្នកជំងឺណាមួយដែលមកពិនិត្យជំងឺព្យាបាលនៅកន្លែងយើង តែខ្វះលទ្ធភាពបែរជាទុកគាត់ទៅរកពេទ្យផ្សេងទៀតនោះទេ យើងត្រូវទទួលគាត់ទៅកាន់មន្ទីរពេទ្យណាមួយដើម្បីព្យាបាលគាត់បន្តទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាស់តឿនដល់ក្រុមគ្រូពេទ្យទាំងត្រូវបញ្ជូនអ្នកជំងឺដែលខ្លួនមិនមានលទ្ធភាពព្យាបាលត្រូវណែនាំគាត់ឲ្យទៅរកមន្ទីរពេទ្យដែលសមត្ថភាពព្យាបាលអាការៈជំងឺរបស់គាត់បើទោះបីមន្ទីរពេទ្យរដ្ឋក្តី មន្ទីរពេទ្យឯកជនក្តី គឺយើយត្រូវចេញលុយព្យាបាលឲ្យគាត់ ហើយសូមកុំបោះបង់ចោលអ្នកជំងឺណាម្នាក់ឲ្យសោះ៕