(ក្រុងព្រះសីហនុ)៖ ថ្លែងចេញពីទីក្រុងមាត់សមុទ្រ ខេត្តព្រះសីហនុ ខណៈបណ្តាញព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់, សម្តេចតេជោ ហ៊ុន សែន បានចោទសួរឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញថា តើអាមេរិកប្រកាសកាត់ជំនួយ ផ្នែកពន្ធដាដើម្បីបំណងអ្វីទៅ? សម្តេចបានបញ្ជាក់ថា ជំនួយលើវិស័យពន្ធដានេះបានបញ្ចប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ តើអ្វីទៅជាបំណងនៃការប្រកាសនេះ?
សម្តេចប្រមុខរាជរដ្ឋាភិបាល បានចោទសួរអាមេរិកថា តើអ្វីទៅជាបំណងនៃការប្រកាសកាត់ផ្តាច់ជំនួយ ដែលមិនមានផ្តល់តាំងពីឆ្នាំ២០១៦មកនោះ? សម្តេចតេជោ ចាត់ទុកការប្រកាសនេះ ជារឿងនយោបាយបំបាក់មុខកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកការប្រកាសរបស់អាមេរិករឿងដកជំនួយពន្ធដានេះ ជាគោលដៅជួយប្រោសបក្សប្រឆាំងឲ្យរស់ឡើងវិញ, ប៉ុន្តែត្រូវសម្តេចឆ្លើយតបថា កុំសង្ឃឹមឲ្យសោះ។
ការប្រកាសស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកបកស្រាយបែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨។
ជាមួយនោះដែរសម្តេចតេជោ ហ៊ុន សែន ហៅឯកអគ្គរដ្ឋទូតអាមេរិកថា ជាទូតភូតកុហក ហើយស្នើសុំឲ្យឯកអគ្គរដ្ឋទូតបំភ្លឺរឿងផ្តាច់ជំនួយអគ្គនាយកដ្ឋានពន្ធដារ ហើយក៏បានប្រាប់ ឯកអគ្គរដ្ឋទូតអាមេរិកនាពេលបច្ចុប្បន្ន កុំធ្វើចរិតដូចឯកអគ្គរដ្ឋទូតអាមេរិកអាណត្តិមុន វិលលៀម ថូត ដែលលើកដៃច្រង៉េងច្រង៉ាងពេលព្រះមហាក្សត្រ យាងបើកសម័យប្រជុំរដ្ឋសភាកាលពីឆ្នាំ២០១៣។
សូមជំរាបថា អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរលិខិតមួយច្បាប់ជាភាសាអង់គ្លេស ជូនទៅដល់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាកចិត្តជាខ្លាំង ជុំវិញការប្រកាសរបស់អាមេរិកផ្អាកជំនួយមកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយសារអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។
ប៉ុន្តែករណីប្រកាសផ្អាកនេះ ត្រូវបានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសរសេរលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ដោយពន្យល់ថា៖ ការផ្តល់ជំនួយនេះបានបញ្ចប់តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ (២០០៩-២០១៦) ដែលពេលនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពីធីបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ជូនលោក Bob Wenzed ជាប្រធានគម្រោង និងសហសេវិក ហើយលោកឯកអគ្គរដ្ឋទូត William A. Heidt ក៏បានចូលរួមជាធអិបតីក្នុងពេលនោះផងដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ ប៉ុន្តែសហរដ្ឋអាមេរិកបែរជាមកប្រកាសចេញនូវការកាត់ផ្តាច់នេះម្តងទៀតនាពេលថ្មីៗនេះ ដែលបង្កឲ្យមានយល់ច្រឡំជាសាធារណៈថា អាមេរិកនៅតែបានផ្តល់ជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់ពេលបច្ចុប្បន្ន។
នៅក្នុងលិខិតរបស់លោក គង់ វិបុល បានបញ្ជាក់ថា សូមស្ថានទូតអាមេរិកគួររៀនមើលសភាពពីកម្ពុជា និងសូមកុំនិយាយបំភ្លើសនាំឲ្យមានការបកស្រាយខុសរឿង ប៉ះពាល់ដល់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក៕