(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់គ្មានគម្រោងជួបចរចាណាមួយរវាងសម្តេច និងអតីតមេដឹកនាំបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលជាអ្នកទោសក្បត់ជាតិ នៅប្រទេសអូស្ត្រាលី នាពេលដែលសម្តេចនឹងអញ្ជើញទៅនៅសប្តាហ៍ក្រោយនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ានាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។ ការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញជំហរចង់ជួបចរចាជាមួយសម្តេចតេជោ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចអញ្ជើញទៅប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី មិនមែនទៅចរចាជាមួយអតីតមេដឹកនាំបក្សប្រឆាំង ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយនោះឡើយ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា បេះដូងរបស់សម្តេចពេញមួយជីវិត គឺចរចាច្រើនជាងច្បាំង តែសម្តេចមិនចរចាជាមួយក្រុមក្បត់ជាតិនោះឡើយ។ ក្នុងពិធីព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយថា អតីតមេដឹកនាំបក្សប្រឆាំងមួយចំនួន ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយ បានសរសេរលិខិតមកសម្តេចសុំការអនុគ្រោះ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
បុរសខ្លាំងរបស់កម្ពុជា សម្តេចតេជោ បានប្រាប់ទៅអតីតមេដឹកនាំបក្សប្រឆាំងកុំសង្ឃឹមថា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើកទី២នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ ក៏គ្មានការសុំលើកលែងទោសនោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា អ្នកត្រូវបានកាត់សិទ្ធិធ្វើនយោបាយមិនទាន់មានច្បាប់ណាដើម្បីលើកលែងនោះទេ ផ្ទុយពីអ្នកជាប់ទោសដែលមានច្បាប់អនុញ្ញាត ឲ្យនាយករដ្ឋមន្រ្តីសុំលើកលែងទោសក្រោយសាលក្រមចូលជាស្ថាពរ។ សម្តេចតេជោ ក៏បានផ្តាំទៅកាន់បរទេសដែលចង់អន្តរាគមន៍ជួយមេដឹកនាំអតីតបក្សប្រឆាំង ឲ្យមើលពីមូលហេតុនាំឲ្យមានរឿងនេះ ពោលក្រុមអតីតបក្សប្រឆាំងបានប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយអំពាវនាវឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាល និងឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មនៅគ្រប់ទីកន្លែង។
សម្តេចតេជោ ក៏បានបដិសេធគ្រប់បរទេសទាំងឡាយដែលមានចេតនាមកសម្របសម្រួល ដើម្បីឲ្យមានការចរចារវាងសម្តេច និងអតីតមេដឹកនាំបក្សប្រឆាំងផងដែរ៕