(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្តេជ្ញាទប់ស្កាត់មិនឲ្យរថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើទឹកដីខេត្តកំពង់ធំជាដាច់ខាត ដោយអនុវត្តន៍ក្រោមចំណាត់ការក្តៅ រយៈពេល៣១ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើការឃាត់រថយន្តធុនធំបានចំនួន ៥,៦២១គ្រឿង ក្នុងនោះ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ៨៣គ្រឿង ត្រូវបានចាប់កាត់ទ្រុងចេញនៅនឹងកន្លែង ក្នុងទឹកដីខេត្តកំពង់ធំ។

លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។

លោក សុខ លូ បានក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធទំាងអស់ ជាពិសេសលោកអភិបាលក្រុង-ស្រុក ត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ត្រូវចាត់ទុកថា កិច្ចការនេះជាការងារួមទំាងអស់គ្នា ដោយបានបញ្ជាឲ្យមន្ត្រីជំនាញដាក់កាមេរ៉ាបាញ់ល្បឿនរថយន្តតាមដងផ្លូវជាតិ ឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីជួយទប់ការបើកបរលើសល្បឿនកំណត់។

លោកបន្តថា ត្រូវចូលរួមចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ នឹងបន្តធ្វើជាប្រចាំដូចភ្លៀងរលឹម គ្មានការដកថយនោះឡើយ និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមគោលដៅបន្តទៀត ដើម្បីទប់ស្កាត់កុំឲ្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស កើតមានឡើងសារជាថ្មី។

សូមបញ្ជាក់ថា បន្ទាប់ពីមើលឃើញរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជាដើមចមនាំឲ្យមានការដឹកលើសទម្ងន់នាំឲ្យខូចផ្លូវនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីពិធីបើកការដ្ឋានសាងសង់ស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ បានប្រកាសដាក់ចេញវិធានការកណ្តាប់ដៃដែក ដោយដាក់កំហិតចាប់ពីម៉ោង ១២៖០០នាទីរំលងអាធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ មិនឲ្យមានរថយន្តតទ្រុងខុសបច្ចេកទេសធ្វើចរាចរណ៍លើដងវិថីទៀតនោះឡើយ៕