(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចតម្កល់ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការណ៍ដដែល ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់លើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថាជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់លោកបណ្ឌិតកែម ឡី ដោយគ្មានមូលដ្ឋាន។ សាលដីកាចុងក្រោយនេះ គឺបានចូលជាស្ថាពរហើយ មិនឱ្យមានការតវ៉ាទៀតទេ។ នេះបើតាមការអះអាងរបស់ លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
ចំពោះសំណុំរឿងមួយនេះសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ បានចេញសាលដីកាផ្តន្ទាទោស លោក សម រង្សី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ដាក់ចូលជាថវិការដ្ឋ ព្រមទាំងបង្គាប់ឲ្យទណ្ឌិតរូបនេះ សងសំណងជំងឺចិត្តចំនួន១០០រៀល ជូនដើមបណ្តឹងរដ្ឋប្បវេណី។
លោក គី តិច បានបញ្ជាក់ថា សាលដីកាជនជាប់ចោទ សម រង្ស៊ីនេះ ត្រូវបានចូលជាស្ថាពរ រួមជាមួយនឹងសាលដីការបស់ជនជាប់ចោទ ថាក់ ឡានី ដែរហើយសុទ្ធតែអាចអនុវត្តបាន។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានតុលាការចោទពីបទប្រកាន់ពីបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៣០៥, មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីយកឃាតកម្មលើលោកបណ្ឌិតកែមឡី មកធ្វើនយោបាយវាយប្រហារលើរាជរដ្ឋាភិបាល។
កន្លងទៅរាជរដ្ឋាភិបាល កម្ពុជាចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី មកលើសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុល ក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធី របស់តុលាការទៀតផង៕