(ភ្នំពេញ​)៖ លោកតា​ លោកយាយ​ ជាច្រើននាក់ ក្នុងនោះមានសិស្សសាលាបឋមសិក្សា​ក្បាល​ជ្រោយ​សាគូរ៉ា​ ជិត​ពាន់​នាក់​បានទទួលអំណោយ​សប្បុរសធម៌​ជា​សម្ភារៈ​សិក្សា ពី​សមាគម​សម្ព័ន្ធនារីមូស្លីមកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨​ នេះ។

កម្មវិធី​នេះ មានការចូលរួមពីក្រុមសម្ព័ន្ធ​ស្រលាញ់​សន្តិភាព ដឹកនាំ​ដោយ​ ជិន ប៊ុនធឿន លេខា​ផ្ទាល់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ព្រមទាំងមានវត្តមានម្ចាស់ជំនួយក្រម៉ាផងដែរដែលជាជនជាតិម៉ាឡេស៊ី ។

លោកស្រី ទៀត រ៉ ទស ( Teit Rotos ) ប្រធាន​សមាគម​សម្ព័ន្ធនារី​មូស្លីមកម្ពុជា ឬ​ ហីថា ខេមរា បាននិយាយថា ខ្លួនបានស្គាល់មិត្តម៉ាឡេស៊ី ហើយបានលើកឡើងពីគម្រោងធ្វើកម្មវិធី​មនុស្សធម៌​មួយ ដើម្បីជួយដល់សង្គមកម្ពុជាយើង បើទោះបីជាមិនធំដុំក្ដី យ៉ាងហោចណាស់ក៏​អាចជួយដល់សង្គមបានមួយចំណែកផងដែរ ។

ជនជាតិម៉ាឡេស៊ី​ បានចាប់អារម្មណ៍ហើយ​សន្យាឧបត្ថម្ភនូវក្រម៉ាចំនួនមួយ​លានក្រម៉ា សម្រាប់​ការចែកជូន​ស្ត្រី​ មូស្លីម​កម្ពុជាទូទាំងប្រទេស និង ឧបត្ថម្ភ​សម្រាប់​ជំនួយផ្សេងៗទៀតផងដែរ ។

លោកស្រីថា ប្រទេសជាតិមានសុខសន្តិភាព មានការរីក​ចំរើន ហើយវិស័យអប់រំ​ក៏​ឃើញមានការរីកលូតលាស់ទៅមុខជាងមុន​ ។ ដូច្នេះ ក្រុមការងារបានចុះមកជួបកុមារាកុមារីនេះ ដើម្បីលើកទឹកចិត្តបន្ថែម​ឱ្យ​ពួកគាត់​មានស្មារតី រីករាយក្នុងការសិក្សា ដើម្បីក្លាយជាទំពាំងស្នងឫស្សីយ៉ាងល្អប្រសើរ ។

លោកស្រីប្រធានសមាគម​ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ពិតជាបានបើកឱកាសទូលាយដល់បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងអស់ ឱ្យ​មានសិទ្ធិសេរីភាពពេញលេញ មានសិទ្ធិ​ប្រតិបត្តិ​សាសនាគ្រប់យ៉ាង និង មានសិទ្ធិដូចបងប្អូនពលរដ្ឋខ្មែរផងដែរ ។

លោកស្រីថា ក្រោមម្លប់សន្តិភាព ក្រុមការងារសមាគម​សម្ព័ន្ធនារីមូស្លីមកម្ពុជា នឹងនៅតែបន្តសកម្មភាពខ្លួនតទៀត ដើម្បីស្នើជំនួយពីមិត្តបរទេសជាឥស្លាម ដើម្បីជួយសហការគ្នា ជួយដល់សង្គមនៃយើង តាមដែលអាចធ្វើបាន ហើយទិសដៅបន្តទៀត និងគម្រោងបន្តជួយ បានរៀបចំរួចជាស្រេច ក្នុងគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិយើង សង្គមយើង និង លើកស្ទួយវិស័យអប់រំឱ្យបានល្អប្រសើរទៅមុខជាលំដាប់

តាម​ការ​សង្កេត​ឃើញ​ថា ក្នុងកម្មវិធីនេះ កុមារា​ កុមារី​ លោកតា លោកយាយ បានបង្ហាញនូវសំណើច ក្នុងន័យរីករាយ​ អំពី​សកម្មភាពដ៏​ល្អប្រសើរនេះ៕