(ភ្នំពេញ)៖ ស្ត្រីជាអ្នកអនាម័យម្នាក់ បានរងរបួសដាច់សាច់ជង្គង់ រលាត់ថ្ងាសហូរឈាម និងភ័យស្លន់ស្លោរស្ទើររតែបាត់បង់ជីវិត ហើយបានត្រឹមរត់រកសមត្ថកិច្ច ដើម្បីដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ បន្ទាប់ពីគាត់ជិះម៉ូតូ១គ្រឿង ចេញពីកន្លែងធ្វើការសំដៅទៅផ្ទះតាមដងផ្លូវ ស្រាប់តែត្រូវជនសង្ស័យចំនួន២នាក់ ដែលពុំស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿង មិនចាំម៉ាកតាមមក ពីក្រោយធ្វើសកម្មភាព ឆក់កាបូបស្ពាយ តែមិនបានសម្រេចរួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព នាវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខកន្លែងវេប្រាក់ទ្រូម៉ាន់នី តាមបណ្តោយផ្លូវ ជាតិលេខ៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីជាជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា គាត់មានឈ្មោះ ខៀវ វ៉ាន់ អាយុ៣៦ឆ្នាំ មុរបរជាអ្នកអនាម័យ ស្នាក់នៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FZ-៤៤៤៦ ដោយស្ពាយកាបូបពាក់នៅស្មាខាងឆ្វេង។ ដោយឡែក ជនសង្ស័យ និងម៉ូតូមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

ស្ត្រីជាជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីកន្លែងធ្វើការ ក្នុងបំណងត្រឡប់ទៅផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៥ ដូចសព្វដង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ខាងមុខកន្លែងវេប្រាក់ទ្រូម៉ាន់នី ស្រាប់តែលេចមុខជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូគ្រឿងតាមមកពីក្រោយស្របទិសគ្នា ហើយធ្វើសកម្មភាព ឆក់កាបូបស្ពាយពីគាត់ តែមិនបានសម្រេចឡើយ បណ្តាលឲ្យគាត់ដួលម៉ូតូរងរបួសដាច់សាច់ចង្គង់ខាងស្តាំ រលាត់ថ្ងាសហូរឈាម និងភ័យស្លន់ស្លោរស្ទើរតែបាត់បង់ជីវិតទៅហើយ ដោយមិនដែលជួបរឿងបែបនេះពីមុនមក ខណៈក្រុមចោរជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលទាំងកណ្ដាលថ្ងៃ។

ក្រោយកើតហេតុ ស្ត្រីជនរងគ្រោះជាអ្នកអនាម័យ បានត្រឹមខលទូរស័ព្ទហៅក្រុមគ្រួសារ ឲ្យជួយជូនទៅរកនគរបាលប៉ុស្តិ៍ឬស្សីកែវ ខណ្ឌឬស្សីកែវ ឲ្យជួយអន្តរាគមន៍ និងដាក់ពាក្យបណ្ដឹងតម្កល់ទុក ក្នុងការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតែប៉ុណ្ណោះទេ៕