(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានចេញមុខទាត់ចោល និងចាត់ទុកសម្តីរបស់ទណ្ឌិត សម រង្ស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីយប់មិញនេះថា កងទ័ពកម្ពុជា លែងស្តាប់បញ្ជារាជរដ្ឋាភិបាល ដោយសារតែការអំពាវនាវរបស់ខ្លួន ជាការលើកឡើងដ៏ឆ្កួតលីលា ដូចជាមនុស្សឡប់សតិ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ មន្រី្តជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះបានបន្តថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី បែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងជំហរជាក់ស្តែង របស់បងប្អូនកងយោធពលខេមរៈភូមិន្ទ ដែលជាកងទ័ពទាំងអស់គ្នា មានការគោរពស្រលាញ់ប្តូរផ្តាច់បំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត ដើម្បីការពារសន្តិភាពជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយកងទ័ពត្រៀមខ្លួនជានិច្ច ក្នុងការបម្រើ និងអនុវត្តន៍បទបញ្ជាសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ទេចជនក្បត់ជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមផ្តាំទៅទណ្ឌិត សម រង្ស៊ីថា «កងទ័ពយើងទាំងអស់ ស្មោះត្រង់ និងប្តូរផ្តាច់ការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី មិនឱ្យជនណាមួយប៉ះពាល់បានឡើយ។ លោកបានបន្ថែមថា កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ មិនគាំទ្រចំពោះសកម្មភាពក្បត់ជាតិសួរពូជរបស់ទណ្ឌិត សម រង្ស៊ី នោះទេ»។
សូមជម្រាបថា ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅយប់មិញនេះ ទណ្ឌិត សម រង្ស៊ី បានលើកឡើងថា ការអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល គឺធ្វើឱ្យសម្តេចតេជោ លោក ហ៊ុន សែន ព្រួយបារម្ភណាស់ រហូតដេកមិនលក់មែនទែន ដោយដឹងថា មានកងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន មិនពេញចិត្តនឹងរបបដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕