(ភ្នំពេញ)៖ ប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា លោក ឈាង វុន តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានព្រមានដល់ សហភាពអន្តរសភា (IPU) ដែលមានមូលដ្ឋាននៅប្រទេសស្វីស មិនឱ្យធ្វើអ្វីខុសនឹងតួនាទី ដូចជាចង់សម្របសម្រួលការចរចានយោបាយនៅកម្ពុជាជាដើម។
ការលើកឡើងរបស់ មន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានធ្វើឡើងបន្ទាប់ពី សហភាពអន្តរសភា (IPU) បានថ្កោលទោស និងសម្តែងការព្រួយបារម្ភ ចំពោះបញ្ហាសិទ្ធិមនុស្ស នៅប្រទេសប្រទេសចំនួន៤ ក្នុងនោះមានកម្ពុជាផងដែរ ហើយសហភាពអន្តរសភា (IPU)មួយនេះ បានស្នើឲ្យរដ្ឋអំណាចខ្មែរផ្តល់ភាពស្របច្បាប់ ដល់អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងឡើងវិញ និងជំរុញឱ្យមានការចរចានយោបាយជាមួយក្រុមអ្នកប្រឆាំង។
លោក ឈាង វុន បានលើកឡើងយ៉ាងដូច្នេះថា៖ « IPU គ្មានតួនាទីសម្របសម្រួលចុងផ្តើមធ្វើការចរចានយោបាយរបស់ប្រទេសណាមួយទេ ហើយរឿងចរចានេះទៀត គឺមិនអាចទៅរួចទេ នៅក្នុងប្រទេសកម្ពុជាយើងពេលនេះ ព្រោះយើងមិនអាចរចាជាមួយពួកក្បត់ជាតិបាននោះទេ»។
លោក ឈាង វុន បានបន្តទៀតថា ចំពោះអំពើក្បត់ជាតិនេះ កម្ពុជាបានប្រាប់ទៅ IPU រួចហើយថា គណបក្សប្រជាជនកម្ពុជា មិនចរចាជាមួយពួកក្បត់ជាតិនោះទេ។ អ្វីដែលកម្ពុជា ផ្តោតសំខាន់ពេលនេះ គឺការការពារសន្តិភាព មិនបណ្តោយឱ្យរង្គោះរង្គើ ឬបាត់បង់។ លោកបានបន្តថា ចំពោះរឿងនេះគឺ « IPU អត់មានសិទ្ធិដាក់សម្ពាធលើកម្ពុជានោះទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីជំហរដាច់ណាត់របស់ខ្លួនថា សម្តេចនឹងមិនចរចា ជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីបន្តដង្ហើមអតីតបក្សសង្គ្រោះជាតិ និងបន្តជីវិតនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំង ១១៨រូបដែលតុលការកាត់សិទ្ធិនយោបាយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី មិនអាចកើតមាននោះឡើយ។ លទ្ធភាពនៃការចរចា មិនអាចធ្វើទៅបាន ដោយសារតែទណ្ឌិត សម រង្ស៊ី តែងបានធ្វើសកម្មភាពវាយប្រហារសម្តេច ដូចជាការដុតរូបនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ពបង្វែរចុងអាវុធ រករាជរដ្ឋាភិបាលជាដើម៕