(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋមួយក្រុម រស់នៅខេត្តមណ្ឌលគិរី ដែលជាខេត្តមួយទៀត ក្នុងចំណោមខេត្តទាំង៤ ដែលរងគ្រោះ បានសម្តែងការខឹងសម្បារ និងចេញមុខប្រឆាំងចំពោះ ទណ្ឌិត សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិ ចំពោះការលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីដែលពួកគាត់រស់នៅ ទៅឱ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា។
ប្រតិកម្មនេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះឡើងបន្ទាប់ពីសកម្មជនប្រឆាំង បានទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាត់ទឹកដីកាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានលើកឡើងថា ពួកគេមិនសប្បាយចិត្តទេ នៅពេលដែលអ្នកនយោបាយ សម រង្ស៊ី លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីឱ្យ ទៅជនជាតិភាគតិចវៀតណាម។ ពួកគាត់បានលើកឡើងថា ពួកគាត់ប្រឆាំងដាច់ខាតចំពោះការចុះកិច្ចព្រមព្រៀងកាត់ទឹកដីបែបនេះ។
ប្រជាពលរដ្ឋបានបន្តថា ជនជាតិម៉ុងតាញ៉ា មិនមែនជាជនជាតិភាគតិចរបស់កម្ពុជា ដែលយើងត្រូវយកចិត្តទុកដាក់ទេ ជនជាតិម៉ុងតាញ៉ា គឺជាជនជាតិភាគតិច ដែលរស់នៅក្នុងប្រទេសវៀតណាម។ ពលរដ្ឋទាំងនោះ បានស្នើឱ្យតុលាការកាត់ទោស លោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។
សូមជំរាបថា នៅក្នុងវីដេអូលួចចុះកិច្ចសន្យានោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី, លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បទល្មើសកាត់ទឹកដីឲ្យបរទេស គឺជាបទឧក្រិដ្ឋ ដែលកំណត់ទោសធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។ លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅក្នុងជំពូកទី២ អំពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យរូបនេះបានបន្តថា បើសិនជាតុលាការបានរកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តទង្វើរក្បត់ជាតិ ក្នុងសំណុំរឿងថ្មីនេះពិតប្រាកដមែននោះ ទណ្ឌិត សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារមួយជីវិតផងដែរ។
បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីអំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាងដូច្នេះថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត»៕