(ភ្នំពេញ)៖ តាមរយៈ Facebook របស់លោក កឹម សុខា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសច្រានចោលនូវសម្តីរបស់លោក ហែម សុជាតិ មេធាវីការពារក្តីលោក កឹម សុខា ដែលផ្សាយវិទ្យុអាស៊ីសេរី កាលពីម្សិលមិញ។
នៅលើទំព័រ Facebook របស់លោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ថា លោក ហែម សុជាតិ ពុំបានជួបជាមួយលោក កឹម សុខា ដូចដែលបានចុះផ្សាយ (អាស៊ីសេរី) ឡើយ ហើយសម្តីរបស់លោក ហែម សុជាតិ គឺជាមតិផ្ទាល់ខ្លួនរបស់លោក។ អាស្រ័យហេតុនេះសូមសាធារណជន ជ្រាបជាពត៌មាន និងកុំមានការយល់ច្រឡំ»។
កាលពីម្សិលមិញ វិទ្យុអាស៊ីសេរី បានផ្សាយថា ក្រុមមេធាវី (ហែម សុជាតិ) បានទៅជួបសួរសុខទុក្ខលោក កឹម សុខា កាលពីថ្ងៃទី៤ ខែមេសា ហើយលោក កឹម សុខា បានស្នើជាថ្មីម្ដងទៀត ចង់ឱ្យមានឱកាសចរចាជាមួយគណបក្សកាន់អំណាច។ លោកបញ្ជាក់ថា លោក កឹម សុខា លើកឡើងថា ជម្លោះនយោបាយនាពេលបច្ចុប្បន្ននេះ គ្មានជម្រើសអ្វីល្អជាងការចរចា រវាងខ្មែរ និងខ្មែរឡើយ។
ទោះជាយ៉ាងនេះក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បានថ្លែងថា ទោះបីជាក្រុមណាក៏ដោយ ឱ្យតែស្ថិតនៅក្នុងក្រុមក្បត់ជាតិ គឺគណបក្សកាន់អំណាចមិនអាចចរចាដូចគ្នា។ លោកបានលើកឡើងថា ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា គឺជាក្រុមក្បត់ជាតិដូចគ្នា។
លោក សុខ ឥសាន បានលើកឡើងថា ការចរចានៅពេលនេះ គឺហួសពេលហើយ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងកន្លងមកថា អតីតបក្សប្រឆាំងបានដើរហួសគំនូសក្រហម។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជំហរដាច់ណាត់របស់ខ្លួនថា សម្តេចនឹងមិនចរចាជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីបន្តដង្ហើមអតីតបក្សសង្គ្រោះជាតិ និងបន្តជីវិតនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំង ១១៨រូបដែលតុលការកាត់សិទ្ធិនយោបាយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី មិនអាចកើតមាននោះឡើយ។ លទ្ធភាពនៃការចរចាមិនអាចធ្វើទៅបានដោយសារតែទណ្ឌិត សម រង្ស៊ី តែងបានធ្វើសកម្មភាពវាយប្រហារសម្តេច ដូចជាការដុតរូបនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ពបង្វែរចុងអាវុធរករាជរដ្ឋាភិបាលជាដើម៕