(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជតំរិះកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា ចំពោះការរក្សាបាននូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ រៀងរាល់ឆ្នាំ។
នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ សម្រាប់ថ្ងៃបើកសម័យប្រជុំលើកទី១០ នីតិកាលទី៥ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ ព្រះមហាក្សត្របានមានព្រះបន្ទូលថា «នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ ខ្ញុំព្រះករុណា ខ្ញុំសង្កេតឃើញថា ប្រទេសកម្ពុជាបានទទួលជោគជ័យ ក្នុងការសម្រេចបានកំណើនផលិតផលក្នុងស្រុកតាមរយៈ ការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនជារៀងរាល់ឆ្នាំ»។
ព្រះអង្គ បានមានព្រះបន្ទូលក្នុងព្រះរាជសារទៀតថា «ខ្ញុំព្រះករុណ ខ្ញុំសូមអបអរសាទរដល់រាជរដ្ឋាភិបាល ដែលតែងតែបានប្រកាន់ភ្ជាប់នូវគោលការណ៍សាមគ្គីជាតិ ដើម្បីរួបរួម រវាងប្រជាជាតិកម្ពុជាទាំងអស់ទាំងក្នុង និងក្រៅប្រទេស លើគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយដើម្បីកសាង និងការពារជាតិ សមិទ្ធផលសង្គម និងការធានាឱ្យមានឯកភាពជាតិបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព»។
ព្រះមហាក្សត្របានមានព្រះបន្ទូលថា រដ្ឋសភា ជាតំណាងប្រជាពលរដ្ឋ នឹងបន្តខិតខំប្រឹងប្រែងសហការជាមួយស្ថាប័នជាតិ កំពូលនានាបន្ថែមទៀត ដើម្បីសម្រេចឱ្យបាន នូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាជំហ៊ានៗធានាបាននូវសង្គមកម្ពុជាដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌។
រាជរដ្ឋាភិបាល ក៏បានជំរុញការអនុវត្តន៍ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល សំដៅលើកស្ទួយអនាម័យ សុខភាព សុខុមាលភាពរបស់ប្រជាជន បានកាន់តែល្អប្រសើរ ជាពិសេសប្រជាជនក្រីក្រ ស្ត្រី និងកុមារ។ លើសពីនោះ ក៏បានអនុវត្តន៍គោលនយោបាយអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម ការគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ការការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងគោលនយោបាយជាតិសម្រាប់មនុស្សចាស់។
រាជរដ្ឋាភិបាលនីតិកាលទី៥នេះ ក៏បានប្រឹងប្រែងអភិវឌ្ឃបណ្តាញហរដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូនគ្រប់ប្រភេទរួមជាមួយ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យប្រែក្លាយទៅជាប្រព័ន្ធភស្តុភាកម្មមួយដ៏រស់រវើក រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាព និងសុខុមាលភាពប្រជាជន៕