(ភ្នំពេញ)៖ អង្គការសង្គមស៊ីវិលមួយចំនួនក្នុងនោះមានអង្គការខុមហ្វ្រែលនិងអាន់ហ្វ្រែល ដែលស្ថិតក្រោមការដឹកនាំរបស់លោកគល់ បញ្ញាដែលមាននិន្នាការគាំទ្របក្សប្រឆាំង និងតែងតែប្រើលេសបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដើម្បីបង្កចលាចលផ្តល់នូវ ឱកាសឱ្យក្រុមប្រឆាំងយកទៅធ្វើបាតុកម្មឈានដល់ការប៉ុនប៉ងផ្លាស់ប្តូររបបដឹកនាំតាមបែបមិនប្រជាធិបតេយ្យ នឹងធ្វើការសម្រេចចិត្តក្នុងពេលដ៏ខ្លីខាងមុខនេះថា នឹងត្រូវចូលរួម ឬមិនចូលរួមក្នុងការសង្កេតការណ៍លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ដែរឬទេ។
ការរង់ចាំរហូតដល់ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ ត្រូវបានបញ្ចប់នៅថ្ងៃទី ១៤ខែឧសភាខាងមុខ ទើបបានប្រកាសពីគោលជំហរចូល ឬមិនចូលរួមក្នុងការសង្កេតការណ៍ បោះឆ្នោតក៏ព្រោះតែក្រុមសង្គមស៊ីវិលទាំងនោះ ត្រូវរង់ចាំអ៊ុតមើលសិនថា តើខ្មោចបក្សសង្គ្រោះជាតិអាចនឹងត្រូវបានប្រស់ឱ្យរស់ឡើងវិញដើម្បីអាចចូលរួមបោះឆ្នោតបានដូចដែលអ្នកនយោបាយប្រឆាំងក្រៅច្បាប់មួយចំនួនកំពុងអះអាងឬយ៉ាងណា?
បើទោះបីជាមានខ្មោចបក្សសង្គ្រោះជាតិ ឬគ្មានខ្មោចបក្សសង្គ្រោះជាតិ ទាំងរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមការគ្រោងទុកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ គណបក្សជាច្រើនក្នុងនោះអាចនឹងមាន គណបក្សភ្លើងទៀនដែលជាកេរតំណែលរបស់ទណ្ឌិត សម រង្ស៊ី បានត្រៀមខ្លួនចូលរួមបោះឆ្នោតផងដែរ។ បើមិនចង់ឱ្យបាត់បង់ឱកាសមាស ក្រុមអ្នកនយោបាយប្រឆាំង ដែលនៅមានសិទ្ធិ គួរតែបង្កើតបក្សថ្មី ដើម្បីចូលរួមបោះឆ្នោតជាជាងផ្កាប់បំពង់រង់ចាំទឹកភ្លៀង រង់ចាំខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ប្រហែងជាដេកចាំហើយ!
តាមរយៈស្ថានការណ៍នយោបាយ បច្ចុប្បន្ននេះ ខ្មោចបក្សសង្គ្រោះជាតិ ទំនងនឹងមិន អាចរស់រានមានជីវិតឡើងវិញទេ ហើយអ្នកនយោបាយនៃអតីតបក្សនេះចំនួន ១១៨ រូបក៏មិនអាចស្តារនីតិសម្បទាឡើងវិញនិងមានសិទ្ធិធ្វើនយោបាយឡើយ។ ដូច្នេះពិត ណាស់ ការបោះឆ្នោតនាខែកក្កដាខាងមុខ នឹងមិនមានវត្តមានរបស់ខ្មោចគណបក្សសង្គ្រោះជាតិឡើយ ហើយក៏គ្មានមុខអ្នកនយោបាយដែលត្រូវដកសិទ្ធិនោះដែរ។
ម្យ៉ាងទៀត គេក៏ដឹងច្បាស់ថា ទោះជាគ្មានវត្តមានខ្មោចបក្សសង្គ្រោះជាតិ ឬក៏មានបក្សសង្គ្រោះជាតិ ក៏សង្គមស៊ីវិលធ្វើការងារលើការបោះឆ្នោត ដូចជាអង្គការខុម ហ្វ្រែល និងអាន់ហ្វ្រែល បានរៀបចំផែនការរួចស្រេចទៅហើយដើម្បីក្រឡុកការបោះ ឆ្នោតខាងមុខ។ ប៉ុន្តែសំណួរសួរថាតើវត្តមានចូលរួមសង្កេតការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែល និងអាន់ហ្វ្រែលដែលដឹកនាំដោយលោក គល់ បញ្ញា មានសារៈសំខាន់និងចាំាបាច់ដែរឬទេ? ចម្លើយយ៉ាងខ្លីគឺ «ចូលឬមិនចូលមិនមានសារៈសំខាន់ចំពោះការបោះឆ្នោតនៅកម្ពុជា»ឡើយ ព្រោះថា៖
ទី១៖ ទាំង គល់ បញ្ញា រួមនឹងអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល មានបេសកកម្ម ក្នុងការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោត ដូច្នេះរាល់សកម្មភាពរបស់ពួកគេ ស្ថិត ក្នុងរបៀបវារៈនយោបាយដែលរៀបចំឡើងដោយចៅហ្វាយបរទេសរបស់ខ្លួនទាំងអស់។ ពួកគេនឹងស្វះស្វែងរកលេសសព្វបែបយ៉ាងក្នុងបំណងបំផ្លាញការបោះឆ្នោត ដោយធ្វើបុរេវិនិច្ឆ័យថា ការបោះឆ្នោតនៅកម្ពុជានាខែ កក្កដា ឆ្នាំ ២០១៨ មិនអាចទទួលយកបានឡើយ និងប្រព្រឹត្តទៅគ្មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ដោយ
សារតែគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោត។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋជាច្រើនលាននាក់ និងគណបក្សនយោបាយ
ជាច្រើនដែលគោរពច្បាប់ត្រឹមត្រូវ។
ពួកគេព្យាយាមលើកតម្កើងបក្សក្បត់ជាតិ និងក្រុមអ្នកនយោបាយក្បត់ជាតិមួយក្តាប់តូចដែលបម្រើគោលដៅរួមរបស់ចៅហ្វាយនាយបរទេសដោយបង្ហាញពីជំងឺតួឯកបក្សប្រឆាំង ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបំភ្លេច ឬធ្វើមិនដឹងមិនឮពីទង្វើក្បត់ជាតិ និងក្បត់ប្រជាជនរបស់ក្រុមខ្លួន។ ផែនការទុច្ចរិតដែលត្រូវបានលេចធ្លាយនោះគឺអង្គការ អាន់ហ្វ្រែលដែលមាន គល់ បញ្ញា ជាប្រធាន គ្រោងនឹងផ្តល់ទីកន្លែងសម្រាប់សង្គមស៊ីវិលពីប្រទេសកម្ពុជា ដើម្បីរៀបចំបង្កើតបន្ទប់ស្ថានភាពតាមដានដំណើរការបោះឆ្នោត នៅទីក្រុងបាងកក ជំនួសបន្ទប់ស្ថានភាពនៅកម្ពុជាដែលខុសច្បាប់ និងមិនអនុញ្ញាតឱ្យបើកដូចពីមុន។
ពួកគេគ្រោងប្រើបន្ទប់ស្ថានភាពនេះ ដើម្បីកកូរកកាយលើការបោះឆ្នោត និងបង្កកំហឹង និងការយល់ច្រឡំក្នុងចំណោមប្រជាពលរដ្ឋក្នុងបំណងបំផ្ទុះការតវ៉ាប្រឆាំងនឹង រដ្ឋអំណាចដែលនេះស្ថិតក្នុងផែនការបដិវត្តន៍ពណ៌ដែលពួកគេបានរៀបចំពីមុន។ នេះគឺជាចេតនាពិតប្រាកដមួយក្នុងការបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។
ទី២៖ ទាំង គល់ បញ្ញា រួមនឹងអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល បានបំពេញការ ងារដោយលម្អៀង និងគ្មានអព្យាក្រឹត្យភាពដូចដែលខ្លួនអះអាងនោះឡើយ។ ពួកគេ
ចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតទៅតាមខ្សែញាក់នៃបរទេសជាម្ចាស់ជំនួយខ្លួននិងជាចៅហ្វាយនាយរបស់បក្សប្រឆាំង។ បរទេសឱ្យជំនួយដើម្បីធ្វើការសង្កេត ការណ៍បោះឆ្នោតគឺដើម្បីបម្រើរបៀបវារៈនយោបាយឱ្យបក្សប្រឆាំង។ ពេលនេះ គណបក្សដែលជាកូនចឹងរបស់ខ្លួនត្រូវបានរំលាយដោយសារតែរំលោភច្បាប់ស្តីពី គណបក្សនយោបាយ ក្បត់ជាតិ មិនអាចចូលរួមបោះឆ្នោតបាន ពួកគេត្រូវបញ្ឈប់ ការផ្តល់ជំនួយដល់សង្គមស៊ីវិលផងដែរ ព្រោះគ្មានន័យអ្វីឡើយ។ ប្រធានអង្គការនិក ហ្វិកបានត្អូញត្អែរអំពីកង្វះថវិកាដើម្បីធ្វើការសង្កេតការណ៍បោះឆ្នោតនេះដែរ។ ដូច្នេះដើម្បីបិទបាំងការផ្តាច់ជំនួយនេះ អង្គការសង្គមស៊ីវិលទាំងនោះព្យាយាមធ្វើ នយោបាយតូបនីយកម្មលើបញ្ហានេះដោយបំភ្លៃថាមិនមែនដោយសារតែគេផ្តាច់ជំនួយទេ ប៉ុន្តែដោយសារតែបរិយាកាសបោះឆ្នោតមិនសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដោយសារតែអវត្តមានបក្សប្រឆាំងនៅកម្ពុជា ដូច្នេះខ្លួនមិនអាចចូលរួមសង្កេតការណ៍បានឡើយ។ ដោយមានចិត្តពោរពេញដោយអំពើអាក្រក់ចំពោះជាតិ និងប្រជាជន ទោះបីជាពួកគេមិនមានថវិកាចូលរួមសង្កេតការណ៍ក៏ពួកគេបំភ្លៃទៅជារឿងនយោបាយដែរ។
ទី៣៖ ដូច្នេះទោះជាមានឬគ្មានការចូលរួមសង្កេតការណ៍បោះឆ្នោតពីសំណាក់ អង្គការខុមហ្វ្រែលនិងអាន់ហ្វ្រែល ក៏នឹងមានសង្គមស៊ីវិលជាច្រើនទៀត ដែលមានភាពស្មោះត្រង់ក្នុងការបំពេញការងាររបស់ខ្លួនចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតផងដែរ។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងកាលពីថ្ងៃទី១០ ខែមេសា ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយត្រឹមត្រូវតាម នីតិវិធីច្បាប់ ទោះអវត្តមានអតីតគណបក្សសង្គ្រោះជាតិ ឬអត្រានៃប្រជាពលរដ្ឋដែល ចេញទៅបោះឆ្នោតអាចមានចំនួនតិច និងការចូលរួម ឬមិនចូលរួមរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងការសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខក៏ដោយ។ ទាក់ទងនឹងអវត្តមានអតីតបក្សសង្គ្រោះជាតិ ប្រធាន គ.ជ.ប បានពន្យល់ថា មាត្រា ៧៦ ថ្មី ជំពូកទី៧ នៃរដ្ឋធម្មនុញ្ញចែងថា «តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់»។
យោងលើស្មារតីនៃមាត្រានេះ គ្មានការបែងចែកគណបក្សនយោបាយតូច ឬធំទេ ឬគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងទេ គ្រប់គណបក្សមានសិទ្ធិស្មើៗគ្នា ក្នុងការឈរឈ្មោះបោះឆ្នោត។ មាត្រានេះ មិនបានចែងថា ទាល់តែមានអតីតគណបក្សសង្គ្រោះជាតិទើបការបោះឆ្នោតត្រឹមត្រូវនោះទេ។ ចំពោះសមាគម និងអ្នកសង្កេតការណ៍ លោកប្រធាន គ.ជ.ប បានសង្កត់ធ្ងន់ថា អនុលោមតាមមាត្រា ១០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនឱ្យមកចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោត។ ពាក្យថា អាច មានន័យថា ធ្វើក៏បានមិនធ្វើក៏បាន ហើយច្បាប់ក៏ពុំមានចែងដែរថា ការបោះឆ្នោតត្រូវតែ មានអ្នកសង្កេតការណ៍បោះឆ្នោតនោះឡើយ។ មាត្រានេះ មិនសំដៅថាទាល់តែមានអ្នកសង្កេតការណ៍ បោះឆ្នោតទើបការបោះឆ្នោតទទួលយកបាននោះទេ។ ចំពោះអត្រានៃ អ្នកបោះឆ្នោត ការចេញទៅបោះឆ្នោត ឬមិនចេញទៅបោះឆ្នោត លោកប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ទី៤៖ ដូច្នេះប្រសិនបើអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល និងដៃជើងរបស់ខ្លួនមួយ ចំនួនសម្រេចនាពេលខាងមុខថាមិនចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត សូមកុំ
ព្យាយាមរំខាន ឬបំផ្លាញការបោះឆ្នោតឱ្យសោះព្រោះប្រទេសមានច្បាប់។ លោក ស៊ិក ប៊ុនហុក បានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី តួយ៉ាងការចេញសេចក្តីថ្លែងការណ៍ ឬធ្វើសកម្មភាពណាមួយក្នុងគោលបំណងគាំទ្រ ឬបង្ហាញភាពលម្អៀងទៅរក ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់បានទេ។ ការចេញ
សេចក្តីថ្លែងការណ៍ ការធ្វើសកម្មភាពគាំទ្រ ឬការបង្ហាញភាពលម្អៀងមានជាអាទិ៍ ការសរសេរជាលាយលក្ខណ៍អក្សរ ឬផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងន័យគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។ ប្រសិនបើនៅតែធ្វើត្រូវប្រឈមនឹងការអនុវត្តច្បាប់។ យោងតាមមាត្រា ១៤៨ ត្រូវផាកពិន័យជាប្រាក់ពី ១០,០០០,០០០ (ដប់លាន) រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអង្គការមិនមែន រដ្ឋាភិបាល ឬសមាគមអន្តរជាតិដែលបំពេញការងារក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ការទទួលខុសត្រូវនេះ មិនលើកលែងការទទួលខុសត្រូវរបស់រូបវ័ន្តបុគ្គល ដែលបានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌនោះឡើយ។
ជារួមទាំង លោក គល់ បញ្ញា ទាំងអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល មិនមាន តម្លៃសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិ ធម៌នៅកម្ពុជាឡើយ។ លោក គល់ បញ្ញា និងអង្គការរបស់ខ្លួនដែលជាឧបករណ៍ដាច់ ថ្លៃរបស់បរទេសមិនគួរណាតាំងខ្លួនជាតួឯកនៅក្នុងកិច្ចការបោះឆ្នោតនៅកម្ពុជាទេ។ ទោះបីជាខុមហ្វ្រែល ឬអាន់ហ្វ្រែលចូលរួម ឬមិនចូលរួមសង្កេតការណ៍ការបោះឆ្នោត គឺពួកគេគ្មានអ្វីសំខាន់ឡើយក្នុងក្របខ័ណ្ឌនៃអព្យាក្រឹត្យភាព និងភាពមិនលម្អៀងពី ព្រោះដោយសារតែសេចក្តីថ្លែងការណ៍របស់ពួកគេនៅមុន និងក្រោយការបោះឆ្នោត គឺឈរនៅលើមូលដ្ឋាននៃការធ្វើបុរេវិនច្ឆ័យលើស្ថានភាពបោះឆ្នោតនៅកម្ពុជា។ មូល ដ្ឋាននយោបាយ និងការងាររបស់ខ្លួនគឺលម្អៀងទៅរកក្រុមអ្នកនយោបាយប្រឆាំងដូច ដែលចៅហ្វាយនាយបរទេសរបស់ពួកគេ បានដាក់ទិសដៅឱ្យ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីអនុវត្តផែនការរំខាន បង្ខូច និងបំផ្លាញនូវការបោះឆ្នោតនៅកម្ពុជា។
ដូច្នេះការចូលរួម ឬមិនចូលរូមសង្កេតការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែល និង អាន់ហ្វ្រែល មិនសំខាន់ ហើយក៏មិនអាចជួយអ្វីដល់ការបោះឆ្នោតនៅកម្ពុជាដែរ។ ពួកគេបាននិងកំពុងតែបំផ្លាញនូវដំណើរការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដមួយនៅកម្ពុជាតែប៉ុណ្ណោះ៕
ដោយ ពល ពានរិន្ទ
ស្រុកកំចាយមារ ខេត្តព្រៃវៃង
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨