(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប្រទេសជប៉ុន និងឥណ្ឌនេស៊ី បានយកចិត្តទុកដាក់គាំទ្រកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ លើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាព ហើយមិនជ្រៀតជ្រែកកិច្ចផ្ទៃកម្ពុជាទេ។

លោក សុខ ឥសាន បានបញ្ជាប់បែបនេះ តាមបណ្តាញសង្គម Telegram បន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានអះអាងថា ជប៉ុន និងឥណ្ឌូនេស៊ី នឹងជួយដោះស្រាយបញ្ហា អតីតបក្សប្រឆាំង។ លោក សម រង្ស៊ី ក៏បានអះអាងដែរថា ឥណ្ឌូនេស៊ីអាចបើកផ្លូវឲ្យសហគមន៍អន្តរជាតិ ជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាន ដោយសារតែលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែទ្រុឌទ្រោម។

លោក សុខ ឥសាន បានលើកឡើងថា ជាការពិតហើយ ដែលប្រទេសជប៉ុន និងឥណ្ឌូណេស៊ី ជាប្រទេសប្រជាធិបតេយ្យរឹងមាំនៅទ្វីបអាស៊ី។ ប្រទេសទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា កន្លងមក។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់មកឱ្យកម្ពុជា ទោះបីមានការអូសទាញពីខាងក្រៅ និងពីអតីតមេបក្សប្រឆាំងទៅលន់តួយ៉ាងណា ក៏ជប៉ុននៅតែបន្តផ្តល់ជំនួយឲ្យ គជប ដើម្បីដំណើរការបោះឆ្នោត នាពេលខាងមុខឆាប់ៗនេះដែរ។ ចំណែកប្រទេសឥណ្ឌូណេស៊ី ក៏បានប្រកាន់ជំហររឹងមាំ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាដដែល។ បញ្ហាសំខាន់រដ្ឋាភិបាលឥណ្ឌូណេស៊ី គោរពគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ដូច្នេះប្រទេសជប៉ុន និងឥណ្ឌូណេស៊ី បានយកចិត្តទុកដាក់គាំទ្រកម្ពុជាក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ លើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុងផងគ្នា»

សូមបញ្ជាក់ថា នាថ្មីៗនេះ លោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកការអន្តរាគមន៍ជួយសង្រ្គោះអតីតគណបក្សប្រឆាំង ដែលតុលាការកាត់ទោសរំលាយ ដោយសារតែប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រហូតដល់ពេលនេះ ការអន្តរាគមន៍ណាមួយពីសំណាក់ រដ្ឋាភិបាល ប្រទេសទាំងពីរនេះ មកលើកម្ពុជានោះទេ៕