(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នំា២០១៨កន្លងមកថ្មីៗនេះ យើងឃើញប្រជារដ្ឋខ្មែរទំាងស្រី-ប្រុស ទំាងចាស់-ក្មេងក៏ដូចភ្ញៀវទេសចរណ៍អន្ដរជាតិ បានដើរកំសាន្ដនៅទូទំាងប្រទេសប្រកបដោយសុវត្ថិភាព ក្នុងទឹកមុខស្រស់ស្រាយ សប្បាយរីករាយ និងមានមោទនភាពជាទីបំផុតក្រោមម្លប់សន្ដិភាព។ បើដូច្នេះកម្ពុជាបានសន្ដិភាពហើយ! តើកូនខ្មែរយើងត្រូវធ្វើអ្វីបន្ដទៀត?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីសន្ដិភាពនេះបើយោងទៅលើប្រវត្ដិសាស្រ្ដជាការពិតប្រាកដណាស់ គឺប្រទេសយើងធ្លាប់ជាប្រទេស ដែលមានសន្ដិភាព ឯកភាពជាតិ បូរណភាពទឹកដី ជាចក្រភពដ៏រុងរឿងបំផុតលើពិភពលោកផង ហើយក៏ជាប្រទេសដែលធ្លាក់ក្នុងសង្រ្គាមរុំារ៉ៃ ការបែកបាក់និរាសព្រាត់ប្រាសជាតិ ស្ទើរតែផុតដង្ហើមពីផែនទីពិភពលោកផងដែរ។ បានសេចក្ដីថា ចំពោះសន្ដិភាពដែលមនុស្សផងទំាងពួងចង់រាប់អានរស់នៅជាមួយនោះ គឺខ្មែរយើងបានរកឃើញ និងស្ថាបនាជាតិដ៏អស្ចារ្យបំផុតនោះចាប់ពីស.វ.ទី៩ ដល់១៤ ដែលអ្នកប្រវត្ដិសាស្រ្ដហៅថា«ចក្រភពអង្គរ» រីឯការបែកបាក់និរាសព្រាត់ប្រាសជាតិវិញ គឺបន្ទាប់ពីការធ្លាក់ចុះនៃអារ្យធម៌អង្គរ រហូតមកដល់សម័យទំនើបយើងនេះឯង បើគិតពីរយៈពេលប្រមាណ៥០០ឆ្នាំ។

មានន័យថាចំពោះសន្ដិភាពដែលយើងកំពុងសប្បាយនេះ គឺយើងទើបរកបានមកវិញនៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ ជាពិសេសឆ្នាំ១៩៩៨ថ្មីៗនេះឯង ដែលប្រទេសយើងទំាងមូលមានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លំាងប្រដាប់អាវុធតែមួយ រដ្ឋធម្មនុញ្ញាតែមួយ បូរណភាពទឹកដីតែមួយ បើនិយាយជារួមគឺអ្វីៗតែមួយដូចយើងទំាងអស់គ្នាឃើញសព្វថ្ងៃនេះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើហេតុនេះ បើនិយាយពីសន្ដិភាពសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗលើលោក។ បើដូចនេះសម្រាប់កម្ពុជាយើងក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានសន្ដិភាពហើយ! បើដូច្នេះអ្វីដែលកូនខ្មែរយើងត្រូវធ្វើបន្ដទៀតនោះគឺ៖
* ត្រូវបន្ដខិតខំពូនជ្រុំរក្សាសន្ដិភាពនេះឲ្យស្ថិតនៅគង់វង្សជានិច្ចនិរន្ដរ៍តរៀងទៅ
* ត្រូវស្ថាបនាសីលធម៌សង្គមទ្បើងវិញដែលត្រូវពួកប៉ុលពតបំផ្លាញដល់ឫសគល់
* ត្រូវខិតខំរៀនសូត្រដើម្បីអភិវឌ្ឃន៍ខឿនសេដ្ឋកិច្ចជាតិ
* ត្រូវគោរពបុព្វបុរសខ្លួន
* ត្រូវស្មោះត្រង់ និងចេះជួយយកអាសាគ្នា
* ត្រូវគោរព និងលើកតម្កើងអំពីគុណតម្លៃព្រះពុទ្ធសាសនាក្នុងសង្គមយើង។

អាស្រ័យដូចរៀបរាប់ខាងលើនេះចំពោះគុណតម្លៃសន្ដិភាពនេះផងដែរ បើនិយាយពីប្រទេសដទៃគឺគេមិនចង់ឲ្យយើងកើតមានរស់នៅជួបជុំអំបូរគ្រួសារ វង់ត្រកូលជាតិនោះទេ ពីព្រោះបើយើងមានសន្ដិភាពគឺប្រទេសយើងនិងខ្លំាង ហើយក្លាយជាចក្រភពជាថ្មីម្ដងទៀតនេះឯង៕