(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញវត្តមាននៅលើកោះរ៉ុង ជាលើកដំបូងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីសម្ពោធសណ្ឋាគារ The Royal Sand កោះរ៉ុង របស់អ្នកឧកញ៉ា គិត ម៉េង។ សម្តេចតេជោ បានលើកឡើងថា វត្តមានលើកទី១របស់សម្តេចនៅលើកោះនេះ គឺជាការបញ្ចប់បញ្ហាវិវាទដីធ្លី និងការកាប់ព្រៃឈើនៅលើិកោះនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមកកោះរ៉ុង ពេលនេះ ក្រៅពីមកសម្ពោធ ខ្ញុំចង់មកពន្លត់ភ្លើងលើកោះរ៉ុង បើមិនដូច្នោះទេកោះរ៉ុង នៅតែមានភ្លើងឆាបឆេះ ហើយខ្ញុំក៏ចង់មើលមុខមន្រ្តី ដែលមានអំណាចមួយចំនួន នៅពីក្រោយខ្នង (ប្រជាពលរដ្ឋ) ហើយខ្ញុំក៏ចង់ឃើញអ្នកមានប្រាក់កាក់មួយចំនួន នៅពីក្រោយខ្នងដែរ បានជាខ្ញុំមកកាន់ទីនេះ ហើយនិយាយគ្នាឱ្យច្បាស់ៗ»

សម្តេចបានបន្តថា «ការសម្ពោធសណ្ឋាគារនេះ ខ្ញុំអាចឱ្យឧបនាយករដ្ឋមន្រ្តីណាមួយមកក៏បាន ប៉ុន្តែខ្ញុំមានគោលដៅ២ គឺទី១៖ សម្ពោធអាហ្នឹងដើម្បីផ្ញើសារជូនទៅ អ្នកទេសចរទាំងឡាយ ដែលចង់មកកម្សាន្ត គឺនៅលើកោះរ៉ុងមានសណ្ឋាគារលំដាប់ផ្កាយ៥ហើយ ឯចំណុចទី២៖ គឺមកដើម្បីដាក់ចេញបទបញ្ជាបិទ បញ្ចប់នូវស្ថានភាពរ៉ាំរ៉ៃ នៃជម្លោះដីធ្លីនៅកោះរ៉ុង ហើយមកបិទបញ្ចប់នូវភាពអាណាធិប​តេយ្យ ក្នុងការកាប់ឈើ និងការកាប់ទន្ទ្រានយកដីនៅលើកោះរ៉ុង»

ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យធ្វើយ៉ាងណាបំព្រួញបញ្ហានេះ ឱ្យកាន់តែតូច។

សម្តេចបញ្ជាក់ថា «ឥឡូវត្រូវបំព្រួញវា កុំឱ្យប្រជាពលរដ្ឋរង់ចាំ ឯកឧត្តម ជា សុផារ៉ា ត្រូវតែពិនិត្យមើលថា ក្នុងចំណោម៥៨៤ក្បាលដីនេះ នរណាដែលគ្មានការពាក់ព័ន្ធ គឺយើងចេញទៅ​ ដើម្បីកាត់បន្ថយចំនួនវាឱ្យកាន់តែតិច ហើយអ្នកដែលតិចដោះស្រាយមិនបាន យើងត្រូវរកដីផ្សេង ដើម្បីជួយពួកគាត់វិញ»

សម្តេចតេជោ ហ៊ុ​ន សែន បានចាត់ទុកថា នេះជាដំណោះស្រាយឈ្នះៗសម្រាប់ប្រជាពលរដ្ឋអាចរស់នៅលើកោះនេះបាន។ ក៏ប៉ុន្តែស្នើឱ្យពលរដ្ឋមួយចំនួនទទួលការចាញ់ខ្លះ ពិសេសអ្នកដែលមិនមែនរស់នៅលើកោះរ៉ុង ប៉ុន្តែមកចាប់ដៃនៅលើកោះរ៉ុងក្រោយឆ្នាំ២០០៨។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋ ដែលរស់នៅលើកោះ ចូលរួមចំណែកដើម្បីទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍ ហើយកុំធ្វើការកាប់ព្រៃឈើនៅលើកោះ។ សម្តេចបញ្ជាក់ថា «ខ្ញុំបាននិយាយហើយថា “សូមកុំកាប់មេមាន់មួយដើម្បីតែឆ្ងាញ់មួយពេល” ដូច្នេះបញ្ហាព្រៃឈើ ត្រូវការពារឱ្យបាន»

សម្តេចបានបន្ទោសអាជ្ញាធរដែលបានបណ្តោយឱ្យគេកាប់ព្រៃឈើនៅលើកោះរ៉ុង ដែលការកាប់ព្រៃឈើនេះហើយ បានធ្វើឱ្យកោះរ៉ុងកាន់តែក្តៅ ហើយបាត់បង់សោភ័ណភាព៕