(ភ្នំពេញ)៖ បន្ទាប់ពីឃើញកូនប្រុស លោក គង់ គាំ ប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរ នៅពេលនេះ កូនប្រុសរបស់ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បានចេញមកប្រកាសបង្កើតគណបក្សថ្មីមួយដែរនោះគឺ «គណបក្សសម្តេចឪ»។
លោក អេង រតនៈ កូនប្រុសរបស់ លោក អេង ឆៃអ៊ាង បានអះអាងតាមបណ្តាញសង្គម Facebook ថា គណបក្សរបស់ខ្លួន នឹងប្រើប្រាស់និម្មិតសញ្ញា (Logo) អ៊ុនតាក់ ហើយមានអ្នកល្បីៗ ក្នុងអតីតគណបក្សសង្រ្គោះជាតិ ចូលរួមដែរ។
លោកបានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងឆាប់ចុះបញ្ជី ដើម្បីឲ្យទាន់បញ្ជីរៀបចំបេក្ខជនពីគជប។អតីតភាពល្បីៗពីអតីតគណបក្សប្រឆាំងធំជាងគេ នឹងចូលរួមជាមួយខ្ញុំ។ យុវជនជាច្រើននឹងអាចមានមុខ នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រ ឬ ក៏អាចបានកៅអីតំណាងរាស្ត្រតែម្តង»។
ទន្ទឹមនឹងការប្រកាសបង្កើតគណបក្សថ្មីនេះ លោក អេង រតនៈ ចង់ទៅបញ្ចុះបញ្ចូល លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចូលរួមជាមួយគណបក្សខ្លួនផងដែរ។
លោកអះអាងថា៖ «ខ្ញុំនឹងជួបលោក សាម អ៊ីន ដើម្បីបង្កើតសម្ព័ន្ធធំមួយរួចបញ្ចុះបញ្ចូលគាត់ ឲ្យមកឈរនៅខាងគណបក្សរបស់ខ្ញុំវិញ តែឈ្មោះបក្សគាត់អាចនៅរក្សាដដែល បានហើយបេក្ខជននៅមណ្ឌលផ្សេងក៏នៅតែអាចដាក់បានដដែល សម្រាប់បក្សរបស់គាត់»។
បណ្តាញព័ត៌មាន Fresh News នៅមិនទាន់អាចទំនាក់ទំនង លោក អេង រតនៈ និងលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីបកស្រាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។
បើតាមទំព័រ Facebook លោក សាម អ៊ីន នៅមុននេះ គឺលោកគាំទ្រចំពោះការបង្កើតគណបក្សនយោបាយ។ លោកបានលើកឡើងថា៖ «នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ ការមានមនុស្សច្រើនចាប់អារម្មណ៍បង្កើតបក្សនយោបាយជារឿងល្អ ហើយអ្វីដែលសំខាន់គឺម្ចាស់ឆ្នោតត្រូវស្វែងយល់អំពីគណបក្សទាំងឡាយឲ្យបានច្បាស់លាស់ត្រឹមត្រូវ»។
សូមបញ្ជាក់ថា នាថ្មីៗនេះ កូនប្រុសរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី ដែលពេលនេះមានឈ្មោះថាគណបក្សភ្លើងទៀននោះ ក៏បានចេញមុខបង្កើតគណបក្សឆន្ទៈខ្មែរមួយផងដែរ។
លោក គង់ មុនីកា ស្ថាបនិក និងជាប្រធានគណបក្សនេះ បានឱ្យដឹងថា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ប៉ុន្តែស្ថានិបទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ។ លោកមានបំណងចង់ឱ្យ គណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹង អតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ៕