(ភ្នំពេញ)៖ ក្រោយពីមានការបកស្បែក មុខពិតនៃអង្គការសមាគមមួយចំនួនដែលជាឆ្កែចចកបន្លំខ្លួនធ្វើជាសត្វ ចៀមដូចជា អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រធានអង្គការសមាគមទាំងនេះបានចេញមុខមក បកស្រាយនៅតាមប្រព័ន្ធ ទំនាក់ទំនងសង្គមបង្ហាញពីភាពស្លូតត្រង់របស់ខ្លួន នៅចំពោះមុខសាធារណជន ដោយធ្វើពុតជាអ្នកជួយកម្ពុជាពិត និងធ្វើពុតជាជនរងគ្រោះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ល្បិចកលរបស់អង្គការសមាគមទាំងនេះ ពិតជាលែងមានប្រសិទ្ធភាពទៀតហើយ ព្រោះសកម្មភាពរបស់ពួកគេដែលបានរៀបចំក្រឡាយ៉ាងល្អិត និងមានផែនការច្បាស់លាស់ ទិសដៅក្រោមការកំណត់ ចង្អុលបង្ហាញបញ្ជានិងទទួលលុយពីបស្ចឹមប្រទេសមួយចំនួន ដែលប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា ត្រូវបានបកអាក្រាត ជាបន្តបន្ទាប់ហើយប្រជាពលរដ្ឋខ្មែរក៏កាន់តែលែងជឿអ្វីផ្តេសផ្តាស តាមការលាបពណ៌ឱ្យអាជ្ញាធររដ្ឋាភិបាលថា ជាតួកំណាចផ្តាច់ការទៀតដែរ។
ពួកគេបានត្រឹមតែយកនូវខ្លឹមសារ នៃបេសកកម្មនៅលើតែក្រដាសរបស់ខ្លួនមកបង្ហាញប៉ុណ្ណោះថា ខ្លួនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិ លើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រូបភាពទាំងនេះគ្រាន់តែជាការប្រើប្រាស់ធ្វើជាឡប់ឡែដើម្បីបិទបាំងនូវទង្វើទុច្ចរិតរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេបានព្យាយាមបង្ហាញពីសំបកក្រៅ របស់ខ្លួនថាជាជនស្លូតត្រង់ ប៉ុន្តែពួកគេបានព្យាយាមលាក់បាំងនូវអំពើអាក្រក់ ស្មោគគ្រោក និងការឃុបឃិតជាមួយជនបរទេសដើម្បីបំផ្លាញជាតិរបស់ខ្លួន។
ពួកគេពិតជារីករាយដែល ទទួលបានជំនួយហិរញ្ញវត្ថុដើម្បីធ្វើសកម្មភាពរបស់ខ្លួន ប៉ុន្តែពួកគេបានបម្រើដោយផ្ទាល់ និងដោយប្រយោលនូវគោលនយោបាយទុច្ចរិត និងឧបាយកល របស់បរទេសមួយចំនួនដែលមិនសប្បាយចិត្ត នឹងការរីកចម្រើនរបស់កម្ពុជា មិនសប្បាយចិត្តនឹងឃើញកម្ពុជា មានសុខសន្តិភាពដែលរកបាន ដោយបាតដៃខ្លួនឯងតាមរយៈ នយោបាយឈ្នះឈ្នះ និងមិនចង់ឃើញកម្ពុជាមានការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍព្រោះ អាចធ្វើឱ្យពួកគេបាត់បង់ឥទ្ធិពល ឬអំណាច នៅក្នុងតំបន់។
ដូច្នេះហើយបានជាពួកគេត្រូវប្រើប្រាស់បាតដៃ និងមនុស្សក្នុងក្រុមអង្គការ សង្គមស៊ីវិលមួយចំនួននៅក្រោមរូបភាពជួយជំរុញសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីកកូរកកាយ និងបង្កភាព ចលាចលក្នុងសង្គមងាយស្រួល ពួកគេលូកដៃជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីស្របតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ។
បរទេសដែលជាម្ចាស់ជំនួយនៃអង្គការសង្គមស៊ីវិលស៊ីឈ្មួលទាំងនេះពិតជាបានដឹងច្បាស់ថា តើគេត្រូវប្រើប្រាក់ជំនួយរបស់គេដើម្បីអ្វីឱ្យពិតប្រាកដ ចំណែកសង្គមស៊ីវិលស៊ីឈ្មួល ដោយផ្ទាល់ និងដោយប្រយោលបន្តគ្នានេះ ខ្លះបានដឹង និងខ្លះត្រូវចាញ់បោក បរទេសទាំងនោះ ដោយមិនដឹងខ្លួន និងបាននិងកំពុងធ្វើសកម្មភាពប្រឆាំងនឹងជាតិ និងប្រជាជនខ្លួនឯង។ ប្រធានអង្គការសង្គមស៊ីវិលមួយចំនួនបាន ព្យាយាមបិទបាំងនូវទង្វើលក់ខ្លួន បម្រើផលប្រយោជន៍បរទេស និងងប់ងល់នឹងនុយជាប្រាក់របស់បរទេស។
ពួកគេធ្វើសកម្មភាព ហាក់ដូចជា ចង់ជួយជាតិ ប៉ុន្តែមានទិសដៅផ្សេងគឺបម្រើឱ្យគោលនយោបាយការបរទេស របស់ប្រទេសម្ចាស់ជំនួយរបស់ពួកគេផ្ទាល់។ ដើម្បីរក្សាបានការងារធ្វើ និងមានចំណូលខ្ពស់ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានព្យាយាមធ្វើរបាយការណ៍ មិនពិតអំពីស្ថានភាពនយោបាយសិទ្ធិមនុស្សនិងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។
ប្រសិនបើពួកគេសរសើរពីគោលនយោបាយដ៏ត្រឹមត្រូវ ដែលរាជរដ្ឋាភិបាលបានដាក់ចុះដើម្បីកំណើនការងារ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និយាយពីការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិសេរីភាព សារព័ត៌មាន និងពលរដ្ឋមានភាពរីករាយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% និងសុខសន្តិភាព ទំនងពួកគេនឹង ប្រឈមមុខចំពោះការបាត់បង់នូវចំណូលដ៏ខ្ពស់ និងមុខរបបដ៏កាក់កបនេះ ព្រោះថាមានប្រធានអង្គការខ្លះមានទាំងផ្ទះ និងរថយន្តសម្រាប់ជួលឱ្យអង្គការរបស់ខ្លួនថែមទៀត ដើម្បីកុំឱ្យបែកទឹកលុយជំនួយ។ ពួកគេនឹងមិនហ៊ានសរសេររបាយការណ៍ ល្អពីកម្ពុជាឡើយព្រោះពួកគេនឹងដាច់អាជីព។
ហេតុដូច្នេះហើយបានជារូបភាពកម្ពុជាមានពីរ គឺកម្ពុជានៅលើរបាយការណ៍របស់សង្គមស៊ីវិល និងសារព័ត៌មានបរទេសមួយចំនួនជាកម្ពុជាអាក្រក់ ពោរពេញដោយការរំលោភ សិទ្ធិមនុស្សផ្តាច់ការ គ្មានលទ្ធិប្រជាធិបតេយ្យ និងគ្មានសេរីភាពពេញលេញ។ ប៉ុន្តែកម្ពុជាពិតគឺជាកម្ពុជាដែលពោរពេញដោយសុខសន្តិភាពការអភិវឌ្ឍប្រជាពលរដ្ឋមាន សេចក្តីសុខ និងកំពុងទទួលផលចំណេញពីសន្តិភាព និងរីករាយក្នុងភាពជាម្ចាស់វាសនារបស់ខ្លួន ក្នុងនាមជារដ្ឋអធិបតេយ្យ។
អ្វីដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយករដ្ធមន្ត្រី ហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរចង់បាន គឺគ្មានអ្វីក្រៅពីការគោរពគ្នា ក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាព និងការបម្រើជាតិ មួយដោយស្មោះសរ និងដោយការគោរព។ សង្គមស៊ីវិលមួយចំនួនដូចជាអង្គការ ខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែន រដ្ឋាភិបាលស្តីពីកម្ពុជា អង្គការសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា បាននិងកំពុងតែធ្វើប្រាសចាកនូវបេសកកម្មរបស់ ខ្លួន និងបានលូកដៃយ៉ាងជ្រៅកកូរកកាយបង្កាត់ភ្លើងទំនាស់ និងចិញ្ចឹមទំនាស់ នៅកម្ពុជា។ សង្គមស៊ីវិលទាំងនេះបានអនុវត្តយ៉ាងល្អនូវផែនការដែលក្រុមស្ថាបនិកបដិវត្តន៍ពណ៌ បានលើកឡើង នៅក្នុងសៀវភៅមគ្គុទ្ទេសក៍បដិវត្តន៍ពណ៌ ដើម្បីគោលដៅបម្រើឱ្យ ការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំតាមបែបមិន ប្រជាធិបតេយ្យដូច ដែលចៅហ្វាយនាយបរទេសរបស់ខ្លួនធ្លាប់បានធ្វើនៅតាមបណ្តាប្រទេសមួយចំនួនដូចជាស៊ីរី លីប៊ី ជាដើម ដែលរហូតមកទល់ពេលនេះ លទ្ធផលនៃបដិវត្តន៍ពណ៌របស់ខ្លួន បានបង្កវិនាសសកម្មសម្រាប់មនុស្សជាតិដ៏ច្រើនក្រាសក្រែលមិននឹកស្មានដល់។
អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជាត្រូវបានគេរកឃើញថា គឺបានធ្វើសកម្មភាពបម្រើឱ្យបដិវត្តន៍ ពណ៌ដែលមានអតីតគណបក្សសង្គ្រោះជាតិជាអ្នកអនុវត្តជាពិសេសនៅអំ ឡុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ និងការបន្តអនុវត្តផែនការ ជាបន្តបន្ទាប់មកទៀតតាមការបញ្ជានិង ផែនការរបស់ម្ចាស់ជំនួយរបស់ខ្លួនដែលមាននិន្នាការគាំទ្រក្រុមអ្នកនយោបាយប្រឆាំងដោយបំភ្លៃការមិនពិតអំពីភាពមិន ប្រក្រតីនៃការបោះឆ្នោត ញុះញង់ និងបង្កចលាចលតាមរយៈការញុះញង់ប្រជាពលរដ្ឋ កម្មករ កសិករ បះបោរប្រឆាំងនឹងរដ្ឋអំណាច និងទាមទារសំណងផ្សេងៗ។
ពួកគេមិនព្យាយាមរួមចំណែកជួយដោះស្រាយទំនាស់ដីធ្លី ដីកសិកម្ម និងបញ្ហាបរិស្ថានធនធានធម្មជាតិដោយ សុទ្ធចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវីញគឺគេបែរជាភ័យស្លន់ស្លោពេល ដែលអាជ្ញាធរ និងប្រជាពលរដ្ឋស្រុះស្រួលគ្នាក្នុងការដោះស្រាយទំនាស់តាមវិធីសាស្ត្រឈ្នះឈ្នះទាំងអស់គ្នា ព្រោះអាចធ្វើឱ្យពួកគេបាត់ ប្រភពហិរញ្ញវត្ថុដើម្បីបន្តនិរន្តរភាព អង្គការសមាគមរបស់ខ្លួនពោលគឺយុទ្ធសាស្ត្ររបស់គេគឺ «បង្កាត់ភ្លើង ចាក់សាំងបន្ថែម និងចិញ្ជឹមទំនាស់»។
ឥឡូវនេះការពិតក៏បានដឹង យ៉ាងច្បាស់ដែរថាតើអង្គការ សង្គមស៊ីវិលជាច្រើនពាន់ដែលត្រូវបានបង្កើតឡើងដែលខ្លះមានសកម្មភាព និងខ្លះទៀតមិនមានសកម្មភាពបង្កើតឡើង ក្នុងគោលបំណងអ្វីពិតប្រាកដ។ បរទេសខ្លះបានប្រើអង្គការសង្គមស៊ីវិលមួយចំនួនដែលជាឆ្កែចចកមកសម្លាប់ជីវិត ប្រជាពលរដ្ឋខ្មែរ និងមកកកូរកកាយបញ្ហាកម្ពុជា ដើម្បីងាយស្រួលដល់ពួកគេចូល ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា បម្រើគោលនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ក្រោយពីការពិតត្រូវបានលាតត្រដាង ពលរដ្ឋខ្មែរសង្ឃឹមថាអង្គការ សង្គមស៊ីវិលទាំងនោះ ជាពិសេសអង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ។ល។ អាចនឹងកែប្រែនូវឥរិយាបថរបស់ខ្លួន បម្រើជាតិឲ្យពិតប្រាកដតាមអ្វីដែលខ្លួនបានលើកឡើង និងព្យាយាមការពារខ្លួន ហើយ មាត់មិនក្បត់ចិត្ត ទង្វើពិតជាក់ស្តែងគឺជួយខ្មែរ មិនមែនសម្ងំលាក់ខ្លួនក្នុងអង្គការសង្គមស៊ីវិល បំផ្លាញផលប្រយោជន៍កម្ពុជាឡើយ ជាពិសេសនឹងលះបង់នូវទង្វើទុច្ចរិត ផែនការអាក្រក់ទាំងឡាយដែលពួកគេកំពុងរៀបចំ ក្នុងការរំខានបង្ខូច និងបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ព្រោះបើតាមប្រភពស្និទ្ធ ពីអង្គការសង្គមស៊ីវិលនានា បរទេសម្ចាស់ជំនួយបានទម្លាក់ថវិកាជាច្រើនដើម្បីបំផ្លាញការបោះឆ្នោតនាខែកក្កដា ចោល ព្រោះពួកគេមិនអាចជួយស្រោចស្រង់អាយ៉ង នយោបាយខ្លួនគឺខ្មោចគណបក្សសង្គ្រោះជាតិឱ្យ រស់ឡើងវិញ បានឡើយ និងក៏មិនអាចជួយ ស្តារនីតិសម្បទាអ្នកនយោបាយ១១៨នាក់ នៃបក្សនេះពីការ ដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដែលកើតចេញពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ឡើយ។ បើពួកគេនៅតែបន្តបំពាន កម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ដែលមានជាធរមានដើម្បីការពារភាព ស្របច្បាប់នៃការបោះឆ្នោត ការពារសន្តិសុខសណ្តាប់ធ្នាប់ ការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបាន ដោយពិបាកនេះឡើយ៕
ដោយ៖ ពល ពានរិន្ទ
ឧត្តរមានជ័យ, ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨