(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានប្រតិកម្មដោយចាត់ទុកការរិះគន់ ការបង្កើតគណបក្សថ្មី ពីសំណាក់លោក សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជានោះថា ជាទង្វើមិនបានស៊ីខ្លួនង ចង់ឲ្យគេអត់ស៊ីជាមួយខ្លួនដែរ។
ការប្រតិកម្មរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី នៅថ្ងៃទី២៨ ខែមេសាកន្លងទៅនេះបានលើកឡើងថា គណបក្សតូចៗដទៃទៀតដែលមកចូលរួមការបោះឆ្នោតដោយឆ្លៀតឱកាស មិនមានវត្តមានគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែមកលម្អឆាកល្ខោនតែប៉ុណ្ណោះ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានប្រតិកម្មបន្ថែមថា តើឆ្កួតអីបានជាក្រុមគណបក្ស ដែលរំលាយរកតែឆ្អឹងគ្មានបន្ដិចណាសោះ តែងតែចោទបក្សថ្មីទាំងនោះ ជាអាយ៉ងបក្សកាន់អំណាច។
នៅក្នុងពិធីចែកអញ្ជើញប្រគល់ «វិញ្ញាបនបត្រនិងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធាន មនុស្ស នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាភូតវានៅតែពូកែភូត អាអ្នកតាមមេភូតលូវតាមដឹងវាអត់ទាំងការងារធ្វើទៀត, ខ្លះគេបង្កើត បក្សទៅជេរថា គេបង្កើតបក្សដើម្បីបំបែកបំបាក់ ចុះសិទ្ធិរបស់ឯងមាន សិទ្ធិរបស់គេមាន [...] រឿងគួរឲ្យអនិច្ចារនៅត្រង់ថា ខ្លួនឯងមិនបានធ្វើ ខ្លួនឯងមិនបានស៊ី ចង់ឲ្យគេអត់ទាំងអស់គ្នា»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បុគ្គលណាចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតជាសិទ្ធិរបស់ពួកគេ តែដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅតែ ដំណើរការ ហើយប្រជាធិបតេយ្យនៅកម្ពុជា មិនត្រូវបានរាំងខ្ទប់ដោយបុគ្គល ឬក្រុមណាមួយនោះទេ ហើយប្រព័ន្ធប្រជាធិបតេយ្យសិរីពហុបក្ស នៅតែបន្ដ។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសការពារនូវសុវត្ថិភាពសម្រាប់ការបោះឆ្នោត ហើយក្នុងឋានៈជាបក្សប្រជាជនកម្ពុជា គោរពគ្រប់នីតិវិធីរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ សម្តេចតេជោ បានបញ្ជាក់ជាចុងក្រោយថា ការបោះឆ្នោតមិនមានពន្យារនោះទេ បើចង់ពន្យារត្រូវទៅកែច្បាប់ កែរដ្ឋធម្មនុញ្ញ។ គ.ជ.ប គ្មានសិទ្ធិពន្យារការបោះឆ្នោតឡើយ៕