(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញដីកាដោះលែង លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ឱ្យមានសេរីភាពឡើងវិញហើយ។
លោក ញឹក ប៊ុនឆៃ ដែលត្រូវបានចោទប្រកាន់ចំនួន២បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីឆ្នាំ២០០៧ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេលជិត១ឆ្នាំ។
ដីកាតុលាការបង្គាប់ឱ្យដោះលែង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បង្គាប់មក លោកប្រធានមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ (PJ) ឱ្យដោះលែងជនត្រូវចោទឈ្មោះ ញិក ប៊ុនឆៃ (ញឹក ប៊ុនឆៃ) ភេទប្រុស អាយុ៥៩ឆ្នាំ (០៧.០២.១៩៥៨) ជនជាតិខ្មែរ មខុរបរ ប្រធានគណបក្សខ្មែររួបរួមជាតិ ទីកន្លែងកំណើត ភូមិតាអុងខាងលិច ឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបាត់ដំបង មានទីលំនៅនៅមុនពេលឃាត់ខ្លួនផ្ទះលេខ២២G ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ឪពុកឈ្មោះ ញឹក ឆេន (ស) ម្តាយឈ្មោះ អួន សាម៉េត (ស) ប្រពន្ធឈ្មោះ សម សុភាព (រ) មានកូន០៤នាក់ ទោសពីមុនគ្មាន ជានីតិជន»។
ដីកានេះបញ្ជាក់ទៀតថា «ត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទៈ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨.១ថ្មី ចំណុចទី៤ មាត្រា ៣២.១ ចំណទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បើសិនជាឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀត»។
សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។