(ភ្នំពេញ)៖ គណបក្សឆន្ទៈខ្មែររបស់កូនលោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី និងគណបក្សមាតុភូមិយើង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលអំពាវនាវកុំឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោត។
សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់គណបក្សទាំងពីរនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានអំពាវនាវឱ្យចែកចាយខិត្តបណ្ណ ដោយអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សមាតុភូមិយើង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សយើងខ្ញុំ ថ្កោលទោសអំពើខ្វះការទទួលខុសត្រូវ មូលបង្កាច់ បន្ទាបបន្ថោកសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដែលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាពលរដ្ឋ គ្រប់កាលទេសៈ»។
គណបក្សទាំងពីរនេះ ក៏បានបដិសេធទាំងស្រុងចំពោះការប្រមាថ និងផែនការខ្មៅងងឹតរបស់លោក សម រង្ស៊ី និងក្រុមស្រេកឃ្លានអំណាចតាមអំពើហិង្សា ស្រេកឃ្លានសោកនាកម្ម និងវិនាសកម្មចំពោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដើម្បីតែខ្លួនឯង និងក្រុមខ្លួន។
ទន្ទឹមនឹងនេះគណបក្សទាំងពីរ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ទាំងនៅក្នុង និងក្រៅប្រទេស ក៏ដូចជាសាធារណជនជាតិ-អន្តរជាតិ ស្ថិតនៅឱ្យឆ្ងាយពីគំនិត និងគម្រោងញុះញង់របស់ លោក សម រង្ស៊ី និងបក្ខពួក ហើយសូមចូលរួមចៀសវាង និងរារាំងភាពឧទ្ទបាទចង្រៃនេះកុំឱ្យកើតមានឱ្យសោះ។
សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សមាតុភូមិយើង៖