(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ នាថ្មីៗនេះបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ដោយលើកឡើងថា ការមិនទៅបោះឆ្នោតគឺគាំទ្រគណបក្សសង្រ្គោះជាតិ ឯការទៅបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺសំខាន់ខ្លាំងណាស់។ មាត្រា៣៤ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺបញ្ជាក់ច្បាស់អំពីសិទ្ឋិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរទាំង២ភេទ គឺមានសិទ្ឋិបោះឆ្នោត និងមានសិទ្ឋិឈរឈ្មោះបោះឆ្នោតនៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។ ការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេស ដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត»។
បើតាម គ.ជ.ប រហូតដល់ពេលនេះ មានគណបក្សចំនួន៣ហើយ ដែលបានចុះបញ្ជីរួចរាល់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងនោះមាន ១៖ គណបក្សប្រជាជនកម្ពុជា ២៖ គណបក្សសញ្ជាតិកម្ពុជា និង៣៖ គណបក្សយុវជនកម្ពុជា។
ទន្ទឹមនឹងនោះក៏មានគណបក្ស៦ទៀតដែលបានបញ្ជាក់ពីជំហរចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ដោយបានរៀបចំប្រាក់កក់១៥លានរៀល នៅរតនាគាជាតិនៃកម្ពុជា។ សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១ កំពុងបំពេញបែបបទ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមជួយកសាងកម្ពុជា និងជួយរៀបចំ ព្រមទាំងផ្តល់នូវជំនួយទាំងថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងនោះដូចជាប្រទេសជប៉ុន ប្រទេសចិន និងកិច្ចសហការជាមួយប្រទេសរុស្សីជាដើម។ សម្តេចតេជោ ក៏អរគុណដល់ (គ.ជ.ប) ដែលជាស្ថាប័នច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដែលមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគជ័យ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៨។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណផងដែរ ដល់បងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេច ហើយតែងតែបោះឆ្នោតឱ្យគណបក្សប្រជាជនគ្រប់អាណត្តិ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕