(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចោទសួរទៅ អតីតមេដឹកនាំអតីតបក្សសង្គ្រោះជាតិថា តើប្រទេសណាមួយ ជាសហគមន៍អន្តរជាតិ ដែលនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឬដាក់សម្ពាធលើកម្ពុជានោះ?
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ នាគ្រាដែលសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកខ្លះតាំងខ្លួនថា បើសិនជាគណបក្សគេមិនបានចូលរួមបោះឆ្នោត សហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់ ខ្ញុំចង់និយាយថា អ្វីទៅជាសហគមន៍អន្តរជាតិ សូមផ្តល់ជាចម្លើយឱ្យបានត្រឹមត្រូវ នរណាជាតួរអង្គពិតប្រាកដនៃសហគមន៍អន្តរជាតិ ត្រូវនិយាយគ្នាឱ្យច្បាស់ត្រង់ចំណុចនេះ ដើម្បីកុំឱ្យអីបន្តិច សហគមន៍អន្តរជាតិ សម្ពាធអន្តរជាតិ»។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី និងមេដឹកនាំក្រុមប្រឆាំងមួយចំនួនទៀត កំពុងតែដើរឃោសនា នៅក្រៅប្រទេស និងតាមរយៈបណ្តាញសង្គម Facebook ថាការបោះឆ្នោតនៅកម្ពុជា នាខែកក្កដា ខាងមុខនេះ បរទេសនឹងមិនទទួលស្គាល់លទ្ធផលឡើយ បើសិនជា អតីតគណបក្សសង្រ្គោះជាតិ មិនបានចូលរួម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សហគមន៍អន្តរជាតិ ដែលក្រុមប្រឆាំងកំពុងនិយាយនោះគឺគ្រាន់តែ១ ឬ២ប្រទេសប៉ុណ្ណោះ។ ដោយឡែកសម្រាប់ប្រទេសដែលគាំទ្រ កម្ពុជាវិញ មានច្រើនណាស់ ជាពិសេសប្រទេសធំៗ២ គឺចិន និងឥណ្ឌា ដែលមានប្រជាពលរដ្ឋប្រមាណ២.៦ពាន់លាននាក់។
សម្តចបញ្ជាក់ថា៖ «អ្នកឯងមានប្រទេស១ ប្រទេស២ ស្រែកគាំទ្រអ្នកឯង តែកុំភ្លេចថា មានប្រទេសច្រើនណាស់ ដែលគាំទ្ររដ្ឋាភិបាលសព្វថ្ងៃ ហើយបន្តការងារធ្វើការជាមួយ រដ្ឋាភិបាលសព្វថ្ងៃ ហើយបានបន្តការងារធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ឬប្រទេសដទៃ ក្នុងសហគមន៍អាស៊ាន តើគេមិនសហគមន៍ អន្តរជាតិទេឬអី?»។
សម្តេចតេជោ ហ៊ុន សែន បានរិះគន់ដល់ក្រុមអ្នកប្រឆាំងដែលដើរឃោសនាប្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះថា ជាអ្នកនយោបាយស្ទើភ្លើង ដែលមិនយល់អំពីកិច្ចការ បរទេស។ សម្តេចបានបញ្ជាក់ ប្រទេសមួយចំនួនទៀត ទោះបីជាមានបញ្ហាជាមួយកម្ពុជា ប៉ុន្តែនៅតែធ្វើការជាមួយកម្ពុជា មិនទាន់ផ្តាច់ទំនាក់ទំនងការទូតនៅឡើយទេ៕