(កំពត)៖ ថៅកែហាងមីហិររសជាតិ៧យ៉ាង នៅក្រុងកំពត ដែលបានបាញ់បោះជិត៥០គ្រាប់ ជាមួយបក្ខពួក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីដើមខែឧសភានោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពត ចាប់ខ្លួនបានហើយ និងបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការអាវុធហត្ថខេត្តកំពត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
លោកឧត្តមសេនីយ៍ត្រី កែវ សុផល បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងរបស់លោកចាប់ខ្លួន និងបញ្ជូនទៅតុលាការនៅថ្ងៃនេះ ខណៈបក្ខពួកមួយចំនួនទៀត ដែលក្នុងនោះ មាននគរបាលម្នាក់ផងដែរ បាននិងកំពុងស្រាវជ្រាវតាមចាប់។
ជាមួយគ្នានេះ លោកមេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា ជននេះមិនមែនជាមន្រ្តីយោធា ដូចសារព័ត៌មានបានចុះផ្សាយនាពេលកន្លងទៅនោះទេ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឡាយ ពិសិដ្ឋ អាយុជាង៣០ឆ្នាំ។
សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈមានមនុស្សមួយក្រុម ដែលគេអះអាងថា ជាមន្រ្តីយោធា មកផឹកស៊ីស្រវឹងបាញ់បោះសេរី កាលពីម៉ោង ៥៖៤៥នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីបាក់ចំការ ឈ្មោះ មឿន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។
សមត្ថកិច្ចនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានក្រុមសង្ស័យប្រមាណ១០នាក់ មធ្យោបាយធ្វើដំណើររថយន្តធុនតូច៤គ្រឿង មកស៊ីផឹកនៅកន្លែងកើតហេតុ ហើយបានធ្វើសកម្មភាព បាញ់បោះអានាធិបតេយ្យចំនួន៤៨គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅម្តុំនោះ មានការភ្ញាក់ផ្អើល។
ក្រោយពីបាញ់បោះរួចហើយ ក្រុមយោធាទាំងអស់នោះ ក៏បានចាកចេញពីកន្លែងស៊ីផឹកបាត់អស់ ដោយមិនស្គាល់អត្តសញ្ញាណឡើយ។ រហូតដល់ម៉ោង ៦៖៤៥នាទីល្ងាចថ្ងៃដដែល ទើបមានព័ត៌មានថា ការបាញ់បោះនោះ មានគ្រាប់ទៅត្រូវប្រជាពលរដ្ឋម្នាក់ ឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសបៀមគ្រាប់នៅកែងជើងខាងឆ្វេង។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ក៏ប្រទះឃើញសំបកគ្រាប់ដែលបាញ់នោះ ជាក់ស្តែងចំនួន៤៨គ្រាប់ (ប្រភេទអាកា ចំនួន១១គ្រាប់ និងគ្រាប់ឡក់ ចំនួន៣៧គ្រាប់)៕