(ភ្នំពេញ)៖ រូបភាព និងវីដេអូនារីម្នាក់ ដែលសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube បាននាំឲ្យមានការចាប់អារម្មណ៍ និងរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook និងទាមទារឲ្យមានចំណាត់ការទៅលើសកម្មភាពរបស់នារីវ័យក្មេងរូបនេះផងដែរ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រសួងបរិស្ថានបានទទួលព័ត៌មាននេះអស់ហើយ ហើយក៏កំពុងប្រមូលព័ត៌មានបន្ថែមទៀតជុំវិញករណីនេះ។ បើតាមលោក សៅ សុភាព ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង។
លោក សៅ សុភាព បានបញ្ជាក់យ៉ាងដូច្នេះ «ជាគោលការណ៍មកគឺឯកឧត្តមរដ្ឋមន្រ្តី គាត់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់ហើយ។ យើងនឹងប្រមូលព័ត៌មាន ហើយយើងនឹងហៅគាត់មកអប់រំណែនាំ ហើយប្រសិនបើរកឃើញថា ការសម្លាប់សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅចាត់ការតាមច្បាប់របស់ក្រសួងថែមទៀតផង»។
មិនត្រឹមតែចាត់វិធានការចំពោះនារីរូបនេះនោះទេ ក្រសួងបរិស្ថាន ក៏នឹងស្នើទៅខាង Youtube ដើម្បីដកវីដេអូទាំងនេះចេញពី Youtube ថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក សៅ សុភាព។
សូមបញ្ជាក់ថា នារីដែលគេមិនទាន់ស្គាល់អត្តសញ្ញាណរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកានៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google៕