(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ទោសលោក សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិថា មិនទាន់បានកាន់អំណាចផង ហ៊ានចុះហត្ថលេខា សន្យាកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិដទៃបាត់ទៅហើយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការចុះហត្ថលេខារបស់លោក សម រង្ស៊ីនេះ គឺជាទង្វើក្បត់ជាតិ។
ការរិះគន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើង នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អំពើក្បត់ជាតិរបស់គេ (លោក សម រង្ស៊ី) ដោយមិនទាន់រាប់ ទាំងកិច្ចព្រមព្រៀងចុងក្រោយ ដែលគេបានចុះហត្ថលេខា កាត់ខេត្ត៤ ទៅឱ្យជនជាតិភាគតិចវៀតណាម មានក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី។ មិនទាន់បានកាន់អំណាចផង ចុះហត្ថលេខាកាត់ខេត្តកម្ពុជា៤ទៅឱ្យគេបាត់ទៅហើយ ទម្រាំបានកាន់អំណាចគេធ្វើអ្វីទៀត»។
សំណុំអំពើក្បត់ជាតិថ្មីរបស់ លោក សម រង្ស៊ី បានផ្ទុះឡើង ក្រោយពេលដែល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ក្នុងគោលបំណងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាគ្រប់គ្រងដោយស្វ័យភាព។
សម្តេចតេជោ ហ៊ុន សែន បានហៅ លោក សម រង្ស៊ី ថាជាអ្នកនយោបាយឆ្កួតឡប់ ហើយបញ្ជាក់ថា សម្តេចមិនចង់ឆ្លើយឆ្លងជាមួយមនុស្សបែបនេះឡើយ។ សម្តេចបានបញ្ជាក់ទៀតថា តាំងពីដើមមក ពួកប្រឆាំងពុំដែលបានធ្វើអ្វីដើម្បីប្រទេស និងប្រជាជនទេ មានតែញុះញង់កម្មករបះបោរទាមទារខុសរបៀប និងញុះញង់ប្រទេសក្រៅកុំឱ្យមកវិនិយោគនៅកម្ពុជា និងកុំឱ្យទិញទំនិញពីកម្ពុជា ដើម្បីបំផ្លាញឆ្នាំងបាយរបស់កម្មករ និងប្រជាពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី សម្រាប់ករណីចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យទៅជនជាតិភាគតិចវៀតណាមនេះ ប្រជាពលរដ្ឋដែលរស់នៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង បានចេញមុខថ្កោលទោសលោក សម រង្ស៊ី ជាបន្តបន្ទាប់។ ប្រជាពលរដ្ឋទាំងនោះ បានទាមទារឱ្យតុលាការដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរបំផុត។
ដោយឡែក តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែលោក សម រង្ស៊ី បានអវត្តមានក្នុងការចូលបំភ្លឺនេះ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការ បានអះអាងថា ខ្លួននឹងបន្តនីតិវិធីបន្តទៀត ចំពោះសំណុំរឿងក្បត់ជាតិនេះ៕