(សិង្ហបុរី)៖ ជំនួបជាប្រវត្តិសាស្រ្ត​រវាងប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំ​កំពូលនៃប្រទេស​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ដែលត្រូវបាន​ជ្រើសរើស​ទីតាំងដើម្បីប្រារព្ធឡើងនៅឯ​ប្រទេស​សិង្ហបុរី គឺជាការបោះ​ជំហាន​ដ៏អស្ចារ្យ​មួយ នៅលើដងវិថី​ឆ្ពោះ​ទៅកាន់​សន្តិភាព។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

ការលើកឡើង​ខាងលើនេះ ត្រូវបានធ្វើឡើង​ដោយនាយករដ្ឋមន្រ្តី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បន្ទាប់ពី​លោក ដូណាល់ ត្រាំ ​​នៅ​ទីបំផុត​បានបង្ហើបឲ្យ​ពិភពលោក​ដឹងថា ​កិច្ចប្រជុំដែល​គ្រប់ៗគ្នាបានទន្ទឹងរង់ចាំ​យ៉ាងអន្ទះអន្ទែង​នោះ រវាងរូបលោក​ផ្ទាល់ និងលោក គីម ជុងអ៊ុន​ នឹង​​ប្រព្រឹត្តទៅនៅក្នុង​ប្រទេស​សិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ខណៈដែលព័ត៌មានថ្មីមួយទើបចេញផ្សាយផងដែរថា លោក ត្រាំ បានប្រាប់​ទីតាំងនេះទៅលោក មូន ជែអ៊ីន កាលពីមួយ​សប្តាហ៍មុនរួ​ច​ទៅ​ហើយ។

គួរជម្រាបថា ភ្លាមៗ​បន្ទាប់ពីបានដឹងលឺព័ត៌មាន​ខាងលើនេះ ក្រសួងការបរទេស​សិង្ហបុរី ក៏បានចេញមុខ​បញ្ជាក់ថា កិច្ចប្រជុំរបស់​លោក ត្រាំ និងលោក គីម នឹង​ធ្វើ​ឡើង​នៅក្នុងប្រទេស​អាស៊ាន​មួយនេះ។ ក្រសួងកិច្ចការ​បរទេស​សិង្ហបុរី បានលើក​ឡើង​យ៉ាងដូច្នេះថា «ប្រទេសសិង្ហបុរី​មានក្តីរីករាយ​ជាខ្លាំង ក្នុងការ​ធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំរវាង​មេដឹកនាំប្រទេស​ទាំងពីរ នៅថ្ងៃទី១២ ខែមិថុនា ហើយយើង​សង្ឃឹមថា ជំនួបនេះ​នឹងជួយលើក​ស្ទួយដល់​​លទ្ធភាព​ នៃការកសាងសន្តិភាព​នៅឧបទ្វីប​កូរ៉េ៕