(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមប្រចាំបញ្ជា ប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវផ្ដល់របាយការណ៍ប្រចាំថ្ងៃ ពាក់ព័ន្ធបាតុកម្មភាពអសកម្ម និងការថ្នាំងថ្នាក់នៅមូលដ្ឋាន ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រង និងបញ្ជាដឹកនាំដោះស្រាយ នាអំឡុងពេលមុន-ក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ សំដៅទប់ស្កាត់បានទាន់ពេលវេលានូវបញ្ហាផ្សេងៗ ដែលជិះឥទ្ធិពលដល់ បរិយាកាសនៃកិច្ចដំណើរការបោះឆ្នោត។
លិខិតរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បញ្ជាក់ថា អភិបាលរាជធានី-ខេត្ត ត្រូវផ្ដល់បញ្ជីវេនប្រចាំបញ្ជា ប្រចាំថ្ងៃគ្រប់វេន បញ្ជូនមកក្រុមការងារថ្នាក់ក្រសួង ដែលមានទីបញ្ជាការដ្ឋាននៅអគ្គស្នងការនគរបាលជាតិ ត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ជាកំណត់។
នាយឧត្តមសេនីយ៍ បន្ថែមថា ក្នុងករណីមានសភាពការណ៍កើតឡើងក្នុងភូមិសាស្ដ្ររាជធានី-ខេត្ត ត្រូវរាយការណ៍បន្ទាន់តាម Telegram រីឯរបាយការណ៍ប្រចាំថ្ងៃត្រូវបញ្ជូនមកទីបញ្ជាការដ្ឋានត្រឹម វេលាម៉ោង ០៤៖០០នាទីរសៀល ក្នុងថ្ងៃនីមួយៗជាកំណត់។
សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានបង្កើនក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបាតុភាព អសកម្ម និងការថ្នាំងថ្នាក់នៅក្នុងមូលដ្ឋាន ចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ដែលមាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជាប្រធាន និងមានអនុប្រធាន សមាជិក សរុប១១នាក់៕