(កណ្ដាល)៖ នៅចំពោះមុខនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស,​ លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសបន្តគាំទ្រយ៉ាងពេញទំហឹងដល់ភាគីកម្ពុជា ​ពិសេសបញ្ជាការដ្ឋានអង្គរក្ស​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌របស់ពួកលោកខាងលិច។

ក្នុងឱកាស​លោក ចាវ ឃើជឺ ​ដឹកនាំគណៈប្រតិភូ​​ទស្សនា​បញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ លោកបញ្ជាក់ថា ក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសន្តិសុខសង្គម ជាមួយបញ្ជាការដ្ឋានអង្គរក្ស។​​

រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិនរូបនេះ ​ក៏បាន​រំលឹកថា លោក ហ្ស៊ី ជីងពីង ប្រធានាធិបតីចិន បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាមិត្តរបស់ប្រទេសចិន ដូចនេះក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋានអង្គរក្សសម្ដេចនាយករដ្ឋមន្រ្តី។​

លោក ចាវ ឃើជឺ បានសន្យាថានឹង​នាំសំណើររបស់មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្សសម្ដេចនាយករដ្ឋមន្រ្តី ជួយកសាងអគារស្នាក់នៅកងទ័ព និងជួយផ្តល់សម្ភារបច្ចេកទេសមួយចំនួន ដើម្បីការពារសណ្តាប់ធ្នាប់ សន្តិសុខសង្គម រាយការណ៍ជូនថ្នាក់ដឹកនាំកងទ័ពចិន ដើម្បីជួយបណ្ដុះបណ្ដាល លើវិស័យកងទ័ពដល់បញ្ជាការដ្ឋានអង្គរក្ស និងផ្ដល់សម្ភារសន្តិសុខមួយចំនួន សម្រាប់ការពារថ្នាក់ដឹកនាំ ព្រមទាំងជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ រវាងក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន និងបញ្ជាការដ្ឋានអង្គរក្សសម្ដេចនាយករដ្ឋមន្រ្តី។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្នាដៃការងារ របស់បញ្ជាការដ្ឋានអង្គរក្សសម្ដេចនាយករដ្ឋមន្រ្តី ក្នុងការការពារសន្តិសុខ សុវត្ថិភាព បាន១០០ភាគរយជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។

ជាមួយគ្នានេះ ​នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំដែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំកងទ័ព និងប្រជាជនចិន ដែលតែងតែបានផ្ដល់ជំនួយនានា សម្រាប់ការអភិវឌ្ឍ​ប្រទេសកម្ពុជា និងបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កងទ័ព ការងារមនុស្សធម៌ និងចិនជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសកន្លងមកបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យកងទ័ពដល់ បញ្ជាការដ្ឋានអង្គរក្ស។

សូមជម្រាបថា លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានដល់ប្រទេសកម្ពុជា​ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

តាមការគ្រោងទុកលោក ចាវ ឃើជឺ នឹងចូលសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើស បច្ចេកវិទ្យាទូរគមនាគមន៍ និងសេចក្ដីថ្លែងការណ៍រូម រវាងភាគីទាំង២៕