(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការអនុវត្តគម្រោងបង្កើតកម្មវិធី «បង្កើនការយល់ដឹងផ្នែកច្បាប់» តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ជាមួយនឹងក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា ក្រុមមេធាវី CIC ដោយមានការគាំទ្រឧបត្តម្ភពីក្រុមហ៊ុន ឌាន ដា បាយអូ-អេណីជី អ៊ិនវេសម៉ិន ដែលជាក្រុមហ៊ុនដៃគូ។
គម្រោងបង្កើនការយល់ដឹងផ្នែកច្បាប់តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម (ប.ច.ផ.ស) ត្រូវអនុវត្តក្នុងដំណាក់កាលទី១ មានរយៈពេល០២ឆ្នាំ ដោយគិតចាប់ ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។ គម្រោងនេះមានគោលបំណង បង្កើនការយល់ដឹងផ្នែកច្បាប់ទូទៅពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងជាការរួមចំណែកលើកកំពស់នីតិរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដែលជាប្រតិបតិ្តករមួយនៃគម្រោង ប.ច.ផ.ស នឹងមានភារកិច្ចក្នុងការរៀបចំ និងតាក់តែងអត្ថបទអប់រំផ្នែកច្បាប់ ដែលមានប្រធានបទ ជាប់ពាក់ព័ន្ធ យ៉ាងជិតស្និតនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ម្យ៉ាងវិញទៀតអត្ថបទអប់រំទាំងនោះ នឹងត្រូវរៀបចំជាប្រភេទអត្ថបទខ្លី និងច្បាស់លាស់ ដែលផ្តល់ភាពងាយស្រួលដល់ការស្វែងយល់របស់ប្រជាពរដ្ឋ ក៏ដូចជាសិស្សនិសិ្សត។
អត្ថបទអប់រំផ្នែកច្បាប់ ដែលត្រូវបានចងក្រងឡើង នឹងត្រូវផ្សព្វផ្សាយតាមរយៈគេហទំព័រព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News នៅរៀងរាល់ថ្ងៃអាទិត្យ រួមទាំងការផ្សព្វផ្សាយ តាមវិទ្យុ (Radio Online) និងទូរទស្សន៍អនឡាយ (Fresh News TV) របស់អង្គភាពផងដែរ។ បន្ថែមពីនេះអត្ថបទអប់រំផ្នែកច្បាប់នេះដដែល នឹងបង្ហោះនៅលើគេហទំព័ររបស់ក្រុមមេធាវី CIC ដែលមានឈ្មោះ www.ciclg.com និងគណនី Facebook របស់ក្រុមមេធាវី ដែលមានឈ្មោះ «ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ» និងទំព័រ Facebook page របស់ក្រុមមេធាវីឈ្មោះ «Cambodia International Cooperation Law Group» នៅរៀងរាល់ថ្ងៃច័ន្ទដើមសប្តាហ៍ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិសិ្សត ក្នុងការចូលអាន និងទាញយកអត្ថបទទាំងនេះ សម្រាប់ធ្វើការស្វែងយល់ និងសិក្សារៀនសូត្រផងដែរ។
ការចេញផ្សាយអត្ថបទអប់រំផ្នែកច្បាប់ដំបូងនៃគម្រោង ប.ច.ផ.ស នឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ និងសប្តាហ៍បន្តបន្ទាប់។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអង្គភាពព័ត៌មាន Fresh News បានសហការជាមួយនឹងក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ។ កន្លងមកថ្មីៗនេះ Fresh News ក៏សម្រេចជ្រើសតាំង និងប្រគល់សិទ្ធិជូន លោកមេធាវី លី រដ្ឋធី សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ ជាមេធាវីប្រចាំអង្គភាពផងដែរ តាមរយៈសេចក្តីសម្រេច ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨៕